(ញូវដេលី)៖ ថ្មីៗនេះ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបង្ហើបឱ្យដឹងថា នឹងឈាន ជើងចូល ទីផ្សារឥណ្ឌាឆាប់ៗខាងមុខនេះ ប៉ុន្តែអ្វីដែលជាចំណុចរាំងស្ទះនោះគឺពន្ធនៃការនាំចូលរថយន្ត ខណ:ដែល រដ្ឋាភិបាលឥណ្ឌាចង់ឱ្យ Tesla បើក រោងចក្រនៅក្នុងប្រទេសរបស់ខ្លួន។

យោតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលនេះ មានរដ្ឋមួយរបស់ប្រទេសឥណ្ឌា បានជំរុញ និងអំពាវនាវឱ្យ រដ្ឋាភិបាលធ្វើការបន្ធូរបន្ថយពន្ធលើការនាំចូលរថយន្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភ:ខាងមុខនេះ ស្របទៅតាមការអំពាវនាវរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដូចជាក្រុមហ៊ុន Tesla ជាដើម។

Maharashtra ជារដ្ឋប្រមូលផ្តុំដោយរោងចក្រផលិតរថយន្តច្រើនជាងគេក្នុងប្រទេសឥណ្ឌា ជាក់ស្តែងដូចជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក Tata Motors និង Mahindra & Mahindra សុទ្ធតែមានរោងចក្រនៅក្នុងរដ្ឋនេះ ខណ:ដែល បច្ចុប្បន្នក្រុមហ៊ុនទាំងពីរ កំពុងវិនិយោគលើការផលិតរថយន្តអគ្គីសនីក្នុងស្រុក ហើយក៏កំពុងប្រឆាំងនឹងសំណើរបស់ក្រុមហ៊ុន Tesla ក្នុងការទាមទារឱ្យមានការកាត់បន្ថយពន្ធ។

លោក Aditya Uddhav Thackeray គឺជាអ្នកនយោបាយឥណ្ឌា បានបង្ហោះនៅលើ Twitter របស់គាត់ថា «ក្រុមហ៊ុនដែលត្រួសត្រាយដូចជា Tesla, Rivian, Audi, BMW និងក្រុមហ៊ុនជាច្រើនទៀត ត្រូវតែបានផ្តល់ឱ្យនូវអត្រាគយសម្បទានដែលកំណត់ពេលវេលាសម្រាប់ការនាំចូលយានយន្ត»។
លោកបានបញ្ជាក់បន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះគឺនឹងត្រូវបានបន្ថយអត្រាពន្ធសម្រាប់រយៈពេលអតិបរមា ៣ឆ្នាំ ឬទៅតាមចំនួនរថយន្តដែលបានកំណត់សម្រាប់ក្រុមហ៊ុនណាមួយដែលមានបំណងនាំចូលរថយន្តអគ្គីសនី ឬគ្រឿងបន្លាស់រថយន្តដើម្បីផលិតរថយន្តបែបនេះនៅក្នុងប្រទេសឥណ្ឌា។

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះប្រទេសឥណ្ឌាបានយកពន្ធលើការនាំចូលខ្ពស់រហូតដល់ទៅ ១០០ភាគរយលើរថយន្តទំនើបៗរួមទាំងរថយន្តអគ្គីសនី ក្នុងគោលបំណងការពារ និងលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក ខណៈដែលក្រុមហ៊ុន Tesla ដែលចង់ចាប់ផ្តើមលក់រថយន្តនៅក្នុងប្រទេសឥណ្ឌា និងកំពុងតែព្យាយាមបញ្ចុះបញ្ចូលឱ្យមានការកាត់បន្ថយអត្រាដល់ ៤០ភាគរយ ដែលយើងក៏មិនទាន់ដឹងដែលថាសំណើនេះទទួលបានជោគជ័យ ឬ ក៏យ៉ាងណា៕