(ក្រុងឡុងដ៍)៖ កីឡាករចាំទី Hugo Lloris ដែលមានប្រាក់ពលកម្មប្រមាណ ១០ម៉ឺនផោនក្នុង ១សប្តាហ៍នោះ បានបន្តកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំទៀតជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur ក្រោយរួមរស់ជាមួយក្លិបលេងនៅ Premier League តាំងពីឆ្នាំ២០១២ មកនៅពេលផ្ទេរចេញពីក្លិបបារាំង Lyon។

សមាជិកឈ្នះពាន World Cup 2018 ជាមួយបារាំង វ័យ ៣៥ឆ្នាំខាងលើនេះ នឹងលេងនៅក្លិប Spurs រហូតដល់ចប់រដូវកាលឆ្នាំ២០២៤ បន្ថែមលើកិច្ចសន្យាចាស់ដែលត្រៀមផុតកំណត់នៅបំណាច់រដូវកាលឆ្នាំ២០២១-២០២២។

Lloris ទទួលបានប្រាក់ឈ្នួលចំនួន ១០ម៉ឹនផោន ស្មើនឹងជាង ១៣ម៉ឹនដុល្លារក្នុង ១សប្តាហ៍ស្មើគ្នាជាមួយខ្សែបម្រើអង់គ្លេស Dele Alli ផងដែរ តែនៅចាញ់កីឡាករ ៤នាក់ផ្សេងទៀតដែលស៊ីថ្លៃខ្ពស់ជាងគេរួមមាន Pierre-Emile Hojbjerg, Heung-Min Son, Tanguy Ndombele និង Harry Kane ជាដើម។

ប្រធានក្រុម Spurs ខាងលើនេះ ក៏បានកំពុងកាន់កំណត់ត្រាចូលលេងនៅ Premier League ច្រើនជាងគេផងដែរ សម្រាប់មាន់ខ្នាយមាសដោយមានដល់ទៅ ៣១៨ប្រកួត និងរក្សាទីមិនឲ្យគេទាត់ចូលបានចំនួន ១១២ដងទៀតផង៕