(សៀមរាប)៖ សាលារៀននានាបានបើកដំណើរការឡើងវិញ ក្រោមយុទ្ធនាការ «ចូលរៀនឡើងវិញ» ក្នុងនោះក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្ដេជ្ញាផ្ដល់ជំនួយគិតជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការដៃគូផ្សេងៗទៀត ក្នុងការខិតខំផ្ដល់ជូនសិស្សានុសិស្សនូវការអប់រំ ប្រកបដោយគុណភាព និងធានាបាននូវសុវត្ថិភាពសាធារណៈ នាថ្ងៃបើកបវេសនកាល។

ថវិកានេះនឹងត្រូវបានប្រើប្រាស់ ដើម្បីចែកជូនជាឧបករណ៍វាស់កម្ដៅ និងម៉ាស់បោកទឹកបានដ៏មានគុណភាព ព្រមទាំងសម្ភារចាំបាច់ជាច្រើនទៀត ដើម្បីលើកទឹកចិត្តឲ្យសិស្សានុសិស្សត្រលប់មកចូលរៀនវិញ ជាពិសេសគឺសម្រាប់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ។

សម្ភារៈការពារទាំងនេះត្រូវបានចែកជូនកាលពីថ្មីៗនេះ នៅកម្មវិធីបើកបវេសនកាលឆ្នាំថ្មី២០២១-២០២២ ក្នុងខេត្តសៀមរាប ក្រោមវត្តមានបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោក Paul Simons នាយកផ្នែកធនធានមនុស្ស នៃទីផ្សារកំណើនធានារ៉ាប់រងព្រូដិនសលភីអិលស៊ី។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងថា «ទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺត្រូវបន្តការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ការប្រើប្រាស់នូវបច្ចេកវិទ្យា ជាពិសេសក្នុងបរិបទកូវីដនេះ គឺនឹងបន្តប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយដល់សិស្សានុសិស្ស និងការបង្កើតនូវធនធានសិក្សាថ្មីៗបន្ថែមទៀត ដើម្បីឲ្យសិស្សមានសមត្ថភាព ធានាគុណភាព ក្លាយទៅជាពលរដ្ឋល្អ ក៏ដូចជាអាចចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»

លោក ពៅ ពិសិដ្ឋ បានថ្លែងថា «យើងពិតជាមានមោទនភាពក្រៃលែង ចំពោះក្រសួងអប់រំ យុជន និង កីឡា ដោយផ្ដើមចេញពីសមិទ្ធិផលអប់រំ ដែលបានមកពីការរួមចំណែក និងកសាង អភិវឌ្ឍប្រឹងប្រែង របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ការគាំទ្រពីអាជ្ញាធរដែនដី សហគមន៍ សប្បុរសជនជាតិនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា»

លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានថ្លែងថា «ការអប់រំជាមូលដ្ឋានគ្រឹះនៃការរៀបចំកុមារ សម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់សង្គមនាពេលអនាគត។ ពានរង្វាន់នាថ្ងៃនេះសម្រាប់ទទួលស្គាល់គ្រូបង្រៀនឆ្នើមៗ ហើយការចែកជូនសម្ភារនេះ ហើយបញ្ជាក់ឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការធានាឲ្យបាននូវសុវត្ថិភាព និងការជួយបំពេញសេចក្ដីត្រូវការរបស់សហគមន៍ យើងតម្រូវឱ្យត្រលប់មកជីវភាពរស់នៅធម្មតាវិញ»

លោកបានបន្ថែមថា ពួកយើងមានកិត្តិយសដែលមានលទ្ធភាពជួយគាំទ្រ ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយឲ្យកុមារកម្ពុជា អាចបន្តការសិក្សារបស់ពួកគេ ប្រកបដោយសុវត្ថិភាព នៅទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាបផងដែរ។ ព្រូដិនសល បានចែកជូនសម្ភារគិតជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់មន្ត្រីសុខាភិបាលទប់ស្កាត់ជំងឺកូវីដ១៩។

លោកបានបញ្ជាក់ថា ថវិកានេះត្រូវបានផ្ដល់ជូនដោយមូលនិធិ ព្រូដិនស ដែលមានគោលបំណងជួយគាំទ្រ ដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅអាស៊ី និងអាហ្វ្រិក ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ២០១៣ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស៕