(កំពង់ស្ពឺ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសម្ពោធ និងប្រគល់អគារសិក្សា០១ខ្នង ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន រួមទាំងសម្ភារសិក្សា ម៉ាស និងអាល់កុល ជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំង អណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្តល់ឱកាសឱ្យសិស្សានុសិ្ស និងកុមារក្រីក្រក្នុងតំបន់ដាច់ស្រយាលបានសិក្សា។

សូមបញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពប្រឈមនៃជំងឺកូវីដ-១៩ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅតែបន្តការងារទំនួលខុសត្រូវសង្គមរបស់ខ្លួនបានយ៉ាងច្រើន ដោយក្នុងនោះ ក្រុមហ៊ុនបានចូលរួមដោះស្រាយនូវផលលំបាក និងឆ្លើយតបទៅតម្រូវការសង្គម ហើយក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏មានសកម្មភាពទៅលើវិស័យនេះជាច្រើនខណៈវិស័យ អប់រំគឺជាមូលដ្ឋានគ្រឹះនៃការកសាង និងអភិវឌ្ឍប្រទេសជាតិ និងសេដ្ឋកិច្ច ទោះបីជាវិស័យណាមួយក៏មិនអាចចាកឆ្ងាយពីវិស័យអប់រំបានឡើយ។

នៅក្នុងវិធីសម្ពោធប្រគល់ និងទទួលអគារសិក្សានាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោក រិទ្ធី ចាន់តារា ប្រធានមជ្ឈមណ្ឌលអប់រំមាតុភូមិខ្មែរ បានថ្លែងអំណរគុណ និងកោត សរសើរដោយស្មោះជូនចំពោះក្រុមការងាររៀបចំ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប និងដៃគូរពាក់ព័ន្ធទាំងអស់ ដែលបានសាងសង់ថ្នាក់រៀនបានយ៉ាង រលូន។

ការឧបត្ថម្ភជាអគារសិក្សាមួយខ្នងនេះ បានរួមចំណែកជាមួយអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ក្នុងការកសាងនិងបំពេញសមត្ថភាពរបស់អ្នកជំនាន់ក្រោយ ដើម្បីឱ្យប្រទេសជាតិអាចបោះជំហាន និងកាន់តែរីកចម្រើនទៅថ្ងៃអនាគត។ ម្យ៉ាងទៀតចូលរួមបំពេញក្ដីស្រមៃរបស់សិស្សានុសិស្ស កុមារក្រីក្រអាចបន្តការរៀនសូត្រ ទៅមុខទៀតឱ្យបានចប់ចុងចប់ដើម ដើម្បីឈានទៅសម្រចគោលបំណងរបស់ពួកគេទៅថ្ងៃអនាគត។

លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ និងជាតំណាងអគ្គនាយិកា បុរី ប៉េង ហួត បាន ថ្លែងថា ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធ និងប្រគល់អគារសិក្សាថ្មី ០១ខ្នង ដែលត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត ជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ដើម្បីជាការចូលរួមចែករំលែក និងបណ្តុះបណ្ដាលធនធានមនុស្ស។

សិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សី ជាធនធានដ៏សំខាន់ជាក្ដីសង្ឃឹមសម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ។ ការអប់រំគឺជាប្រទីបបំភ្លឺផ្លូវដែលអាចនាំក្តីស្រមៃនិងបំណង ប្រាថ្នារបស់សិស្សានុសិ្សឱ្យឈានទៅដល់គោលដៅដែលក្នុងនោះសិក្សានុសិស្ស ក៏អាចក្លាយខ្លួនជាអ្នកដឹកនាំប្រទេសជាតិ ជាអគ្គនាយក ឬអគ្គនាយិកា ក្រុមហ៊ុនឯកជន ជាវេជ្ជបណ្ឌិត វិស្វករ ឬស្ថាបត្យករ និងជាពិសេស ជាសាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូនាពេលអនាគតផងដែរ។

លោកបានបញ្ជាក់ទៀតថា សុភាសិតមួយឃ្លាថា «ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកក្រោមម្លប់ឱ្យនឹកដល់អ្នកដាំ» គឺជាទស្សនទានរបស់ស្ថាបនិកក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងការចូលរួមតបស្នងត្រឡប់ទៅសង្គមវិញ ខណៈក្រុមហ៊ុនមានការអភិវឌ្ឍ និងការរីកចម្រើន ក៏ដោយសារសង្គមមានស្ថេរភាព សន្ដិភាព មានធនធានមនុស្សល្អច្រើន និងកត្ដាអំណោយផលផ្សេងទៀតជាច្រើន។ ជាការលើកទឹកចិត្តចែករំលែកក្តីសង្ឃឹម និងចូលរួមជាមួយកិច្ចការសង្គមជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែរៀប ចំសកម្មភាពមនុស្សធម៌ផ្សេងៗដូចជា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហម មន្ទីរពេទ្យគន្ធបុប្ផា កសាងសាលារៀន កសាងព្រះវិហារ និងផ្លូវថ្នល់។

អគារសិក្សាមួយខ្នងនេះនឹងផ្តល់នូវបរិយាកាសសិក្សាកាន់តែប្រសើរជូនដល់ក្មួយៗក្នុងភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ អគារសិក្សានេះក៏ចូលរួម ជួយសម្រួលដល់តម្រូវការខ្វះខាតរបស់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និងមណ្ឌលអប់រំមាតុភូមិខ្មែរមួយចំណែកធំផងដែរ។

លោក ចាន់ រដ្ឋា ក្នុងនាមក្រុមហ៊ុន ក៏បានថ្លែងអំណរគុណដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ព្រមទាំងក្រុមការងាដែលបានខិតខំ ប្រឹងប្រែងចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ និងសូមជូនដល់សិស្សទាំងអស់គ្នាទទួលបានសេចក្ដីស្រឡាញ់ឱ្យបានច្រើនពី មជ្ឈដ្ឋាន ជុំវិញ និងត្រូវអត់ធ្មត់ចំពោះស្ថានភាពលំបានដែលកំពុងប្រឈមបច្ចុប្បន្ន និងប្រឹងប្រែងបន្តការរៀនសូត្រ ឱ្យបានច្រើនទៀត ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនឯងទៅថ្ងៃមុខ។

សូមបញ្ជាក់ដែរថា នៅក្នុងកម្មវិធីសម្ពោធ និងប្រគល់អគារសិក្សានេះ ក្រុមហ៊ុនក៏បានឧបត្ថម្ភជាថវិកាបន្ថែមដើម្បីទុកសម្រាប់ប្រើប្រាស់លើតម្រូវការជាក់ស្ដែងរបស់អង្គការ ដូចជាតម្រូវការធុងស្តុកទឹកសម្រាប់ប្រើប្រាស់ និងជួសជុលបង្គន់អនាម័យ ថែទាំអគារ និងសម្ភារការិយាល័យផ្សេងៗផងដែរ៕