(ភ្នំពេញ)៖ តារាកូនកាត់ខ្មែរ-កូរ៉េវ័យ១៨ឆ្នាំ ស្រីស្អាត EE កំពុងត្រូវបានវិស័យ K-POP ដ៏ល្បីរបស់ប្រទេសកូរ៉េចាប់អារម្មណ៍លើរូបនាង និងត្រៀមបើកផ្លូវឲ្យតារាកូនកាត់រូបនេះ ដើរចូលក្នុងវិស័យមួយនេះទៀតផង។ កញ្ញា EE បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅព្រលានយន្តហោះ កាលពីយប់មិញនេះ ចំពោះការមកដល់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួន បន្ទាប់ពីបានចេញទៅបំពេញការងារសិល្បៈ នៅប្រទេសកូរ៉េអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។

តារាវ័យក្មេង ស្រីស្រស់សាច់សរម៉ដ្ឋខៃ កញ្ញា EE បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងកំពុងខិតខំហ្វឹកហាត់ ដើម្បីចូលទៅក្នុងវិស័យចម្រៀង K-POP របស់ប្រទេសកូរ៉េ ហើយនាងហាក់មានអារម្មណ៍រំភើបខ្លាំង ចំពោះអ្នកគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសយុវវ័យ នៅពេលដឹងថា នាងត្រៀមចូលទៅក្នុងវិស័យចម្រៀងរបស់កូរ៉េ។

ថ្លែងប្រាប់ Fresh News Plus ស្រីស្រស់វ័យក្មេង EE បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា «បច្ចុប្បន្នវិស័យចម្រៀង K-POP គឺជាវិស័យដែលធំជាងគេផ្នែកកម្សាន្តរបស់ពិភពលោក ដែលកំពុងល្បីល្បាញខ្លាំង ដោយវិស័យមួយនេះ គឺមានប្រភពចេញពីប្រទេសកូរ៉េ ដែលនរណាៗ ក៏ប៉ងប្រាថ្នាចង់ចូលទៅក្នុងវិស័យមួយនេះដែរ។ សម្រាប់រូបនាងជាកូនខ្មែរកាត់កូរ៉េ ពិតជាមានមោទនភាពខ្លាំង និងសប្បាយរីករាយ ប្រសិនបើបំណងប្រាថ្នារបស់នាង ទទួលបានជោគជ័យ ព្រោះតាមដឹងនាងជាកូនខ្មែរលើកទី១ហើយ ដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈ ដ៏ពេញនិយមរបស់ប្រទេសកូរ៉េ»។

មហាជន និងអ្នកគាំទ្របានលើកឡើងថា ប្រសិនបើតារាវ័យក្មេងរបស់កម្ពុជា កញ្ញា EE អាចចូលជាសមាជិក K-POP នាពេលខាងមុខនោះបានមែន, EE និងក្លាយជាក្មេងស្រីទី១របស់កម្ពុជា ដែលចូលក្នុងវិស័យចម្រៀង K-POP របស់ប្រទេសកូរ៉េ។ មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ EE ក៏ជាម្ចាស់ប្រេនក្រុមហ៊ុន Cosmtic ផ្ទាល់ខ្លួនមួយ មានឈ្មោះថា «EEBLACK9» ដែលជាផលិតផលពីរោងចក្រ ខ្នាតយក្សរបស់ប្រទេសកូរ៉េទៀតផង៕