(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Ted Sarandos បានបញ្ជាក់ជាផ្លូវការ និងជាលើកដំបូង ចំពោះគម្រោងនៃភាពយន្តភាគកូរ៉េ «Squid Game» ដោយអះអាងថា ចក្រវាឡ Squid Game បានចាប់ផ្តើមហើយ ខណៈរឿងនេះត្រូវបានកំណត់ថា នឹងមានរដូវកាលបន្តបន្ទាប់ទៀត ពោលគឺមិនមែនមានតែត្រឹមរដូវកាលទី២ទេ។

លោក Ted បានបញ្ជាក់យ៉ាងដូច្នេះ គឺតាមរយៈការចូលរួមសន្និសីទ ស្តីពីប្រាក់ចំណូលក្នុងត្រីមាសទី៤ របស់ក្រុមហ៊ុនរបស់លោក ជាមួយអ្នកវិនិយោគជាច្រើននាក់ នាពេលថ្មីៗនេះ និងបានបញ្ជាក់ជាផ្លូវការថា ខ្សែភាពយន្តភាគរបស់កូរ៉េខាងត្បូង «Squid Game» នឹងមានរដូវកាលទីពីរ ហើយនឹងមានបន្តបន្ទាប់ទៀត។ លោកសង្កត់ធ្ងន់ថា «ពិតណាស់ ចក្រវាឡ Squid Game ទើបតែចាប់ផ្តើម»។ នេះជាលើកដំបូងហើយ ដែលនាយកប្រតិបត្តិបានលើកឡើងជាផ្លូវការ អំពីរឿងកូរ៉េ «Squid Game» រដូវកាលថ្មី ខណៈកន្លងទៅ គឺមានអ្នកដឹកនាំរឿងនេះ គឺលោក Hwang Dong-hyuk ប៉ុណ្ណោះ ដែលជាអ្នកបង្ហើបព័ត៌មាននានា អំពីខ្សែភាពយន្តរបស់ខ្លួន។

គួរជម្រាបថា បន្ទាប់ពីជោគជ័យខ្លាំង កើបប្រាក់ចំណូលបានរាប់លានដុល្លារអាមេរិក ក្នុងការវិនិយោគជាមួយខ្សែភាពយន្តកូរ៉េខាងត្បូង គេសង្កេតឃើញថា ក្រុមហ៊ុន Netflix ក្នុងឆ្នាំ២០២២នេះ បានបន្តពង្រីកបន្ថែមទៀត ចំពោះកិច្ចសហការជាមួយផលិតករកូរ៉េខាងត្បូង សម្រាប់នាំមកនូវភាពយន្តថ្មីៗ និងទាក់ទាញសម្រាប់ទស្សនិកជន។ ជាក់ស្តែង នៅដើមឆ្នាំ២០២២នេះ Netflix បានបញ្ចេញវីដេអូខ្លីមួយ នៃភាពយន្តបែបរន្ធត់ចំណងជើងថា «All Of Us Are Dead» ដែលជារឿងកូរ៉េខាងត្បូងដំបូងបំផុត ដែលនឹងត្រូវចាក់បញ្ចាំងមុនគេនៅ Netflix ក្នុងឆ្នាំ២០២២នេះ ពោលគឺនឹងបញ្ចេញនៅថ្ងៃទី២៨ ខែមករា ខាងមុខនេះ ដោយអ្នកគាំទ្រមិនតិចនោះទេ កំពុងរង់ចាំទស្សនារឿងថ្មីនេះ។

តាមរយៈរឿង បែបភ័យរន្ធត់រួមជាមួយ Zoombie ដ៏ព្រឺព្រួចចំណងជើងថា «All Of Us Are Dead» ត្រូវ Netflix រំពឹងថា នឹងជោគជ័យខ្លាំងដូចរឿង «Squid Game»។ ទន្ទឹមគ្នានេះ ប្រភពមួយចំនួនបានលើកឡើងថា រឿងថ្មីនេះ ត្រូវបានហាមឃាត់សម្រាប់ក្មេងក្រោមអាយុ១៨ឆ្នាំ ព្រោះរឿងនេះ ត្រូវបានគេយកទៅវាយតម្លៃ ដោយបែងចែកទៅជា ៧ ប្រភេទផ្សេងៗគ្នាដូចជា៖

ប្រធានបទ, ខ្លឹមសារផ្លូវភេទ, អំពើហិង្សា, ប៉ារ៉ូល, ភាពភ័យរន្ធត់, ឈុតឆាកបង្ហាញពីគ្រឿងញៀន, និងគ្រោះថ្នាក់នៃការធ្វើត្រាប់តាម។ ក្នុងចំណោម ៧ប្រភេទនោះ, រឿង «All of Us are Dead» បានវាយតម្លៃថា មាន ៥ ប្រភេទ ដែលត្រូវបានហាមឃាត់សម្រាប់មនុស្សអាយុក្រោម ១៨ឆ្នាំ ពោលគឺលើកលែងតែប្រធានបទ និងប្រភេទខ្លឹមសារផ្លូវភេទប៉ុណ្ណោះ ដែលមិនមាននៅក្នុងរឿងភាគនេះ៕