(ភ្នំពេញ)៖ លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានជំរុញឲ្យមន្ដ្រីបច្ចេកទេស ពិសេសអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ ត្រូវខិតខំសិក្សាស្វែងយល់ និងពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែរឹងមាំ ស្របតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការកាត់សេចក្ដីប្រកបដោយយុត្ដិធម៌ និងសុក្រឹតភាពទាំងក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ។

ការជំរុញនេះបានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកម្រិត «ក» ដែលដំណើរការរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានសិក្ខាកាមចូលរួមសរុប ២៥នាក់ មកពី ១០រាជធានី-ខេត្ត និងបង្ហាត់បង្រៀនដោយគ្រូឧទ្ទេសកម្រិតអន្ដរជាតិ ២រូបគឺលោក Nguyen Van Coung និងលោក ទេព ជីវសុខុម។

តំណាងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាខាងលើបានបញ្ជាក់ថា ដោយសារមានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដល់ថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលប្រចាំឆ្នាំ សហព័ន្ធតែងរៀបចំរៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ចៅក្រម-អាជ្ញាកណ្ដាលឲ្យបានគ្រប់គ្រាន់ សម្រាប់ឆ្លើយតបជាមួយនឹងការប្រកួតកម្រិតជាតិ និងអន្ដរជាតិនានា ពិសេសបេសកកម្មធំៗជាច្រើន ដូចជាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នាដើមឆ្នាំ២០២៣ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក យ៉ាំ ថៃសាន បន្ដថា «ក្នុងនាមសហព័ន្ធ ខ្ញុំសូមអំពាវនាវដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹង ក្រោមបទបង្ហាញរបស់គ្រូឧទ្ទេស ដែលមានបទពិសោធន៍កម្រិតអន្ដរជាតិ ធ្វើយ៉ាងណាត្រូវពង្រឹងសមត្ថភាពខ្លួនយើង ដើម្បីឆ្លើយតបជាមួយតួនាទីភារកិច្ចរបស់យើងនាពេលខាងមុខ ពិសេសការប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្ររបស់យើង ស្របតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលជំរុញធ្វើយ៉ាងណាឲ្យមន្ដ្រី ចៅក្រម អាជ្ញាកណ្ដាល ត្រូវប្រកបដោយសុក្រឹតភាពក្នុងការកាត់សេចក្ដី ក្នុងការប្រកួតលក្ខណៈជាតិ និងអន្ដរជាតិ»

អគ្គលេខាធិការសហព័ន្ធដដែលបានបន្ថែមថា ការពង្រឹងនូវធនធានអាជ្ញាកណ្ដាល-ចៅក្រម គឺជាផ្នែកមួយដ៏សំខាន់ ក្នុងនាមជាម្ចាស់ផ្ទះចៀសវាងការកាត់សេចក្ដីដោយមិនត្រឹមត្រូវណាមួយ។ លោកថា «វាជាការពិត យើងជាម្ចាស់ផ្ទះ ទាំងយើង ក៏ដូចជាបណ្ដាប្រទេសផ្សេងៗ បើសិនជាយើងមានកីឡាករដែលប្រកបដោយសក្ដានុពល តែបើយើងអត់មានធនធានជាចៅក្រម-អាជ្ញាកណ្ដាល យើងក៏ជួបការលំបាកដែរ ជាក់ស្ដែងយើងមានបទពិសោធន៍ច្រើនហើយ។ ចឹងបើយើងមានមន្ដ្រីអាជ្ញាកណ្ដាលចៅក្រម ដែលមានសមត្ថភាពពិតប្រាកដក្នុងការដឹកនាំរៀបចំការប្រកួត វាផ្ដល់ផលល្អសម្រាប់ប្រទេសយើងតែម្ដង»។

គួរដឹងថា ពាក់ព័ន្ធនឹងអាជ្ញាកណ្ដាល-ចៅក្រមនេះ ត្រូវបានអ្នកជំនាញ ពិសេសថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) តែងតែគាំទ្រ និងជំរុញដល់សហព័ន្ធកីឡាជាតិ ក្នុងការរៀបចំវគ្គបំប៉ន ឬវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសលើកទឹកចិត្តបញ្ជូនសិក្ខាកាមចូលរួមរៀនជំនាញតាមប្រភេទកីឡានីមួយៗ ដើម្បីដុះខាត់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែម ឈានទៅរកកម្រិតអន្ដរជាតិ ដើម្បីអាចចូលរួមរៀបចំការប្រកួតអន្ដរជាតិនានា ពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលជាយុទ្ធសាស្ដ្រប្រៀបមួយក្នុងវិស័យកីឡានេះផងដែរ៕