(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជា បានចុះកិច្ចព្រមព្រៀងលើភាពជាដៃគូជាមួយអង្គការ ChildFund Rugby ដើម្បីជំរុញ និងពង្រឹងការអភិវឌ្ឍវិស័យកីឡានេះនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។ ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងក្រោមវត្តមានលោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា នាសណ្ឋាគារសាន់វ៉េ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
លោក លន់ សាមឌី អនុប្រធានសហព័ន្ធ បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះដៃគូសហការអន្ដរជាតិមួយនេះ ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលធនធានកីឡាបាល់ឱបកម្ពុជា ដូចជាបច្ចេកទេសនៃការលេង ការងារអប់រំកាយ និងកីឡា ក៏ដូចជាការសិក្សា និងការបណ្ដុះនូវបំនិនជីវិត សម្រាប់ការរស់នៅប្រចាំដល់កីឡាករ-កីឡាការិនីជាដើម។
លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា «កិច្ចសហការនេះ គាត់ជួយច្រើន លើផ្នែកគ្រប់គ្រង ការរៀបចំ និងការបណ្ដុះបណ្ដាល ពិសេសកីឡាករ-កីឡាការិនី ព្រមទាំងជួយពង្រឹងបំនិនជីវិតដល់ក្មេងៗ ឲ្យបានរៀនសូត្រចេះដឹងជ្រៅជ្រះ ក្រៅពីការលេងកីឡាទៀតផង។ ដូច្នេះខ្ញុំគិតថា ជាការល្អសម្រាប់សហព័ន្ធ ដោយអង្គការ ChildFund Rugby នឹងជួយផ្សព្វផ្សាយ និងជំរុញការលេងកីឡាបាល់ឱប ក៏ដូចជាជួយពង្រឹងសមត្ថភាពសហព័ន្ធឲ្យដំណើរការកាន់តែរលូនថែមទៀត»។
លោក Prashant Verma នាយកប្រចាំប្រទេសកម្ពុជានៃអង្គការខាងលើ បានឲ្យដឹងថា នេះមិនមែនលើកដំបូងនោះទេ ដែលអង្គរលោក បានសហការក្នុងវិស័យកីឡាបាល់ឱប ពោលគឺអង្គការលោក បានសហការជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក នឹងមានគ្រូបង្វឹក រហូតដល់ ៥០០នាក់ ដែលបានបង្រៀនកីឡាបាល់ឱប និងបំនិនជីវិតដល់ក្មេងក្នុងតំបន់ប្រមាណ ៥ម៉ឺននាក់។ លោករីករាយ ចំពោះកិច្ចសហការមួយនេះ ហើយលោករំពឹងថា ភាពជាដៃគូនេះ នឹងផ្ដល់នូវផ្លែផ្កាដ៏ល្អប្រសើរមួយ សម្រាប់អនាគតបាល់ឱបកម្ពុជា។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ គឺមានរយៈពេល ៤ឆ្នាំ ហើយក្រៅពីការគាំទ្រលើផ្នែកគ្រប់គ្រង រៀបចំ និងបណ្ដុះបណ្ដាល ក៏ដូចជាការសិក្សារៀនសូត្រ អង្គការ ChildFund Rugby ក៏នឹងមានកញ្ចប់ថវិកាប្រចាំឆ្នាំ សម្រាប់គាំទ្រដល់គម្រោងរៀបចំនានារបស់សហព័ន្ធកីឡាបាល់ឱបកម្ពុជាផងដែរ៕