(កូឡាឡុំាពួ)៖ កីឡាករវាយសីសញ្ជាតម៉ាឡេស៊ី Lee Zii Jia ដែលជាប់ចំណាត់ថ្នាក់ទី៧ នៅលើពិភពលោកនោះ នៅថ្ងៃសុក្រត្រូវបានហាមឃាត់ ពីការចូលរួមប្រកួតសម្រាប់រយៈពេល ២ឆ្នាំដោយជាការពិន័យ ពីបទលាឈប់ពីក្រុមជម្រើសជាតិរបស់លោក ដើម្បីក្លាយជាកីឡាករឯករាជ្យ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

Lee ត្រូវបានគេចាត់ទុកជាអ្នកស្នងតំណែងពីវីរបុរសម៉ាឡេស៊ី Lee Chong Wei ដោយបានឡើងចំណាត់ថ្នាក់យ៉ាងឆាប់រហ័ស និងបានទទួលជ័យជម្នះដ៏ល្អ ក្នុងការប្រកួតព្រឹត្តិការណ៍ All England Open កាលពីឆ្នាំមុន។

បន្ទាប់ពីទឹកដៃធ្លាក់ចុះក្នុងការប្រកួតមួយចំនួននាប៉ុនា្មនខែថ្មីៗនេះ ក្នុងនោះរួមទាំងនៅព្រឹត្តិការណ៍ Olympics ផងដែរ សមាគមកីឡាវាយសីម៉ាឡេស៊ី បានប្រកាសក្នុងសប្តាហ៍នេះថា លោកបានលាឈប់ពីសមាគមហើយ ដោយចង់ប្រកួតក្នុងនាមជាកីឡាករឯករាជ្យវិញ។

ប៉ុន្តែសមាគម បានបដិសេធក្នុងការគាំទ្រការលាឈប់នេះ ជំនួសមកវិញដោយសម្រេចដាក់ពិន័យលោកជាមួយនឹងការហាមឃាត់រយៈពេល ២ឆ្នាំ ពីព្រឹត្តិការណ៍ប្រកួតទាំងអស់ ដែលជាការដាក់ទណ្ឌកម្មដោយសហព័ន្ធកីឡាវាយសីពិភពលោក។

សមាគមកីឡាវាយសីម៉ាឡេស៊ី បានឲ្យដឹងថា កីឡាករវ័យ ២៣ឆ្នាំរូបនេះបានអះអាងថា «សម្ពាធក្នុងក្រុមជម្រើសជាតិ» និង «របៀបរស់នៅដែលមានវិន័យតឹងរឹង» នៅឯសាលាកីឡាវាយសីរបស់ម៉ាឡេស៊ី គឺជាហេតុផលដែលលោកលាឈប់៕