(បាសេឡូណា)៖ ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានរងរបួសម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលក្លិប FC Barcelona ត្រូវបានទម្លាក់ចេញពីការប្រកួតពានរង្វាន់ Copa del Rey ដោយក្រុម Athletic Club ដោយបានចាញ់ ៣-២ ក្នុងម៉ោងបន្ថែមនៅទីក្រុង Bilbao របស់អេស្ប៉ាញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធ ដែលបានវិលត្រឡប់មកចូលក្រុមវិញ បន្ទាប់ពីខកខានការប្រកួតអស់រយៈពេល ២ខែមុន ដោយសាររបួសសាច់ដុំភ្លៅនោះ ត្រូវបានប្តូរចូលលេងនៅតង់ទី២ ក្នុងការប្រកួតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ យ៉ាងណាមិញ Fati ត្រូវបានប្តូរចេញប៉ុន្មាននាទី បន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន San Mamés ឈានចូលដល់ម៉ោងបន្ថែម ជាមួយនឹងបញ្ហារបួសដូចដែលលោកបានជួបកាលពីខែវិច្ឆិកាឆ្នាំមុន។

«Ansu Fati បានរងរបួសសាច់ដុំភ្លៅនៅភ្លៅខាងឆ្វេងរបស់គាត់ ហើយការធ្វើតេស្តចាំបាច់ត្រូវធ្វើឡើង ដើម្បីកំណត់ពីបញ្ហា» នេះបើតាមក្លិប Barcelona បានប្រកាសនាព្រឹកថ្ងៃសុក្រម្សិលមិញ។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា កីឡាកររូបនេះត្រូវបានគេរំពឹងថា នឹងអវត្តមានពីការប្រកួតចម្លោះពី ៤ទៅ៦សប្តាហ៍៕