(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសនៅពេលថ្មីៗនេះឱ្យដឹងថា លោកស្រី Kristin Huguet Quayle ត្រូវបានតែងតាំងជាអនុប្រធានថ្មីរបស់ Apple ផ្នែកទំនាក់ទំនងទូទាំងពិភពលោក ដោយបានឡើងកាន់តំណែងជំនួសអតីតផ្នែកទំនាក់ទំនង លោកស្រី Stella Low។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mac Rumors នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

លោកស្រី Huguet Quayle បានចូលធ្វើការនៅក្រុមហ៊ុន Apple ចាប់តាំងពីឆ្នាំ២០០៥ មកម្លេះ មកទល់នឹងបច្ចុប្បន្ននេះគឺមានរយៈពេល ១៥ឆ្នាំ ដោយលោកស្រីបានចូលរួមជាមួយក្រុមហ៊ុន Apple ដំបូង ខណៈមានបុគ្គលិកតិចជាង ២០,០០០នាក់ ហើយលោកស្រីបានកាន់តួនាទីផ្នែកទំនាក់ទំនងឈានមុខគេក្នុងអំឡុងពេលធ្វើការជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិក។ ហើយមុនពេលចូលរួមជាមួយនឹង Apple លោកស្រី Huguet Quayle បានដឹកនាំផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Sun Microsystems ហើយនិងធ្វើការមួយកន្លែងទៀតនៅក្រុមហ៊ុនទំនាក់ទំនងសាធារណៈ Burson Marsteller។

នៅក្នុងខែឧសភា ឆ្នាំ២០២១ ត្រូវបានគេបង្ហាញថា Apple បានជួលលោកស្រី Stella Low ដែលជាអតីត អនុប្រធាន និងជាអគ្គនាយក Cisco ឱ្យធ្វើជាអនុប្រធានថ្មីផ្នែកទំនាក់ទំនងសាជីវកម្មដោយ ទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រទំនាក់ទំនងទូទាំងពិភពលោករបស់ Apple ដឹកនាំក្រុមទំនាក់ទំនងសាធារណៈ ក៏ដូចជាទំនាក់ទំនងបុគ្គលិក ខណៈដែល Stella Low មានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងផ្នែកទីផ្សារ និងទំនាក់ទំនង ហើយនាងក៏បានកាន់តំណែងនេះត្រឹមតែរយៈពេល ៨ខែប៉ុណ្ណោះ។

គួរជម្រាបផងដែរថា លោកស្រី Huguet Quayle នឹងជំនួសតំណែងអតីតអនុប្រធានផ្នែកទំនាក់ទំនងសាធារណៈ លោកស្រី Stella Low ដែលនឹងចាកចេញពីក្រុមហ៊ុន។ ហើយ Apple មិនបានផ្តល់ហេតុផលជាក់លាក់សម្រាប់ការចាកចេញរបស់លោកស្រី Stella Low នោះទេដោយគ្រាន់តែបញ្ជាក់ថានាងចាកចេញដើម្បីចំណាយពេលច្រើនជាមួយគ្រួសាររបស់នាងតែប៉ុណ្ណោះ៕