(ភ្នំពេញ)៖ ក្រុមហ៊ុនចំនួន៩ ដឹកនាំដោយក្រុមហ៊ុនអាហ្គ្រី-សម្បត្តិខ្មែរ ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍហ្គ្រីនហៅស៍ ឈានមុខគេនៅកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចូលរួមសហការគ្នាក្នុងការដាក់ចេញនូវផែនការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យា ៤.០ ( ASK Agriculture 4.0) ដើម្បីសាងសង់ហ្គ្រីនហៅស៍ឱ្យបានចំនួន ១០០០០កន្លែង នៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងបេសកកម្មក្នុងការសម្រេចឱ្យបាននូវសុវត្ថិភាពចំណីអាហារ ប្រកបដោយនិរន្តរភាព និងចក្ខុវិស័យក្នុងការប្រែក្លាយកសិករទៅជា «កសិសហគ្រិន»។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងរវាងហ៊ុនអាហ្គ្រី-សម្បត្តិខ្មែរ ឯ.ក, ក្រុមហ៊ុន ភីអិលអិមភី វេនឈ័រ ឃែភីថល ឯ.ក, ធនាគារ ហ្វីលីព ភីអិលស៊ី, ក្រុមហ៊ុនហ្វីលីព ចេណឺរល អ៊ីនសួរេន (ខេមបូឌា) ម.ក, សហព័ន្ធសហគមន៍កសិកម្មកម្ពុជា, ក្រុមហ៊ុន ប៊ី២អូ គ្រុប, សមាគមផែនការអាជីវកម្មស្ដង់ដារអន្តរជាតិ, ក្រុមហ៊ុន វីសិន ហ្វាម (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក, អង្គការទឹកដីសុវណ្ណភូមិ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រី បានគាំទ្រដល់ការបង្កើតភាពជាដៃគូក្នុងការអភិវឌ្ឍហ្គ្រីនហៅស៍ចំនួន ១០០០០កន្លែង ដើម្បីលើកកម្ពស់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់បន្លែប្រកបដោយសុវត្ថិភាព ស្របតាមស្តង់ដារអនុវត្តកសិកម្មល្អនៅកម្ពុជា (CamGAP) ។ កម្ពុជានៅតែជាប្រទេសនាំចូលផលិតផលកសិកម្ម ក្នុងបរិមាណច្រើន បើទោះជាមានផ្ទៃដីដ៏ធំធេង ដែលអាចធ្វើកសិកម្មបានជាមួយនឹងធនធានទឹក និងអាកាសធាតុល្អ។ លោកថាកង្វះការផ្គត់ផ្គង់បន្លែសុវត្ថិភាព នៅតែជាបញ្ហាប្រឈមសម្រាប់ទីផ្សារក្នុងស្រុក និង ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យឯកជន និងសាធារណៈ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយលើបញ្ហានេះ។

សូមជម្រាបថា ពិធីចុះអនុស្សរណៈយោគយល់គ្នានេះមានគោលបំណងចាប់ផ្តើមការអភិវឌ្ឍផែនការមេនៃកសិកម្មបច្ចេកវិទ្យា ៤.០ ក្នុងការផ្តល់នូវដំណោះស្រាយរយៈពេលវែង ដោយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការរបស់ប្រជាជន ដើម្បីសាងសង់ហ្គ្រីនហៅស៍អោយបាន ១០០០០ ទីតាំងនៅឆ្នាំ២០៣០ខាងមុខនេះ ដោយរំពឹងថានឹងអាចផលិតបានបន្លែសុវត្ថិភាពយ៉ាងហោចណាស់ ៤០០ពាន់តោន ជារៀងរាល់ឆ្នាំដែលមិនត្រឹមតែផ្តល់ សន្តិសុខស្បៀងដល់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ ហើយយើងថែមទាំងអាចក្លាយជាប្រទេសនាំចេញបន្លែសុទ្ធទៅកាន់តំបន់ដែលមានតម្រូវការកើនឡើងទៀតផង។

ផែនការរយៈពេលវែងរបស់ក្រុមហ៊ុនអាហ្គ្រី-សម្បត្តិខ្មែរ ក៏ផ្តោតលើការអភិវឌ្ឍមជ្ឈមណ្ឌលបច្ចេកទេសអាហារ (FOODTECH HUB) ដោយសហការលើកម្មវិធី ផ្ទេរចំណេះដឹង និងបច្ចេកទេសពីប្រទេសកសិកម្មឈានមុខគេ ដើម្បីបង្កើនគុណភាពបន្លែស្លឹក និងផ្លែឈើប្រកបដោយគុណភាពខ្ពស់ តម្លៃប្រកួតប្រជែង និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដែលផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនរហូតដល់ទៅ ៦០០០០នាក់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាហ្គ្រី-សម្បត្តិខ្មែរ និងក្រុមហ៊ុន ភីអិលអិមភី វេនឈ័រ ឃែភីថល ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ជាមួយធនាគារហ្វីលីព ភីអិលស៊ី ដើម្បីផ្តល់ប្រាក់កម្ចីដល់សិស្សនិស្សិតចំនួន ២០០០០នាក់ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ សម្រាប់ការបណ្តុះបណ្តាលផ្នែកកសិកម្មនៅក្រៅប្រទេស និងផ្តល់ការងារនៅពេលបញ្ចប់ការសិក្សា។

ក្រុមហ៊ុនអាហ្គ្រី-សម្បត្តិខ្មែរ មានក្តីស្រមៃក្នុងការក្លាយជាអ្នកដឹកនាំការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យា ៤.០ តាមរយៈ ហ្គ្រីនហៅស៍ និងមជ្ឈមណ្ឌលបច្ចេកទេសអាហារ ដើម្បីបង្កើតការវិនិយោគដ៏ច្រើន និងឱកាសចុះកិច្ចសន្យាលើវិស័យកសិកម្មដល់ វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស។ គំនិតផ្តួចផ្តើមដ៏អស្ចារ្យទាំងនេះ នឹងជួយលើកកម្ពស់ និងជំរុញយុវជនជំនាន់ក្រោយឱ្យវិវត្តន៍ទៅជា«កសិសហគ្រិន» ហើយកែប្រែប្រទេសកម្ពុជា ទៅជាមហាអំណាចកសិកម្មដ៏អស្ចារ្យសម្រាប់ពិភពលោក។

សម្រាប់ព័ត៌មានទាក់ទងនិងគម្រោងអភិវឌ្ឍន៍ហ្គ្រីនហៅស៍ សូមទំនាក់ទំនងតាមរយៈ [email protected] https://agri-sambathkhmer.com
សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា សូមទំនាក់ទំនងតាមរយៈ៖ [email protected] https://www.plmpvc.com