(ភ្នំពេញ)៖ វិសាខា គឺក្លិបដំបូងគេ ដែលបាននាំចូលកីឡាករបរទេសគ្រប់កូតា ៥នាក់សម្រាប់ត្រៀមរដូវកាលថ្មី បន្ទាប់ពីពួកគេបានចុះកុងត្រាជាមួយខ្សែប្រយុទ្ធកម្ពស់ ២.០១ម៉ែត្រ Athiu Kenjok Wal (Kenny) កាលពីថ្មីៗ។ ជាមួយការនាំចូលកីឡាករដើមកំណើតស៊ូដង់ និងសញ្ជាតិអូស្ដ្រាលីនេះ ក៏ជាការបញ្ចប់នូវពាក្យចរចាមអារ៉ាមថា លីគរដូវកាលថ្មីតម្រូវឲ្យក្លិបនីមួយៗត្រូវមានកូតាកីឡាករអាស៊ានម្នាក់ផងដែរ។

លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបបាល់ទាត់វិសាខាបានបញ្ជាក់ថា ចំពោះច្បាប់នៃប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខនេះ គឺពុំមានការផ្លាស់ប្ដូរអ្វីនោះទេ ពិសេសពាក់ព័ន្ធនឹងកូតាកីឡាករបរទេស គឺរក្សា ៤ បូក ១ ដដែលមានន័យថា កីឡាករបរទេស ៤នាក់ បូកកីឡាករតំបន់អាស៊ី ១នាក់ និងនៅលើទីលាន ៣ បូក ១ មានន័យថា កីឡាករបរទេស ៣នាក់ បូកកីឡាករអាស៊ី ១នាក់។

លោកបន្ដថា «ច្បាប់របស់យើងនៅដដែលទេ ហើយយើងចង់យកអាស៊ី ២នាក់ ឬលើសពីនេះក៏បាន។ អ៊ីចឹងអត់មានកូតាកីឡាកអាស៊ានមកពីណាក្នុងច្បាប់របស់យើងនោះទេ ព្រោះសហព័ន្ធក៏បានចេញសេចក្ដីប្រកាសរួចហើយដែរ។ ចឹងមកដល់ពេលនេះ ក្លិបបាល់ទាត់វិសាខារបស់យើង គឺបានបង្គ្រប់កូតាកីឡាករបរទេស ៥នាក់គ្រប់ច្បាប់លីគហើយ ក្នុងនោះមានកីឡាករអាស៊ី ២នាក់ និងកីឡាករបរទេស ៣នាក់»

ចំពោះកីឡាករបរទេសទាំង ៥រូបរបស់ក្រុមលេខ៣ ឆ្នាំចាស់នេះ រួមមានខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faezz និងខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jae Gun ដែលត្រូវបានក្លិបបន្ដកិច្ចសន្យា ព្រមទាំងកីឡាករចំណូលថ្មី ៣រូបរួមមានកីឡាករប្រេស៊ីល ២រូប គឺខ្សែបម្រើ Marcos Vinicius និងខ្សែប្រយុទ្ធ Junior Barros និងចុងក្រោយ គឺកីឡាករ Kenny Athiu អតីតមិត្តរួមក្រុមលោក Keisuke Honda ដែលផ្ទេរមកពីក្លិប Sri Pahang នៃលីគកំពូលម៉ាឡេស៊ី។

គួរដឹងថា កាលពីថ្មីៗបន្ទាប់ពីលេចវត្តមានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា និងការប្រកាសធ្វើកំណែទម្រង់ជាច្រើនក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី គេមានព័ត៌មានចរចាមអារ៉ាមលើកឡើងថា លីគរដូវកាលថ្មីនេះ តម្រូវឲ្យគ្រប់ក្លិបដែលនាំចូលកីឡាករបរទេស ក្នុងចំណោម ៥នាក់ ត្រូវមានកូតាកីឡាករអាស៊ានម្នាក់។ ប៉ុន្ដែក្រោយការបញ្ជាក់របស់អតីតគ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជាខាងលើ សបញ្ជាក់ឲ្យឃើញថា ពាក្យចរចាមអារ៉ាមនេះ ពុំមែនជាការពិតឡើយ៕