(ដូហា)៖ FIFA បានប្រកាសពីការលក់សំបុត្រ ដើម្បីចូលទស្សនាព្រឹត្តិការណ៍បាល់ទាត់ World Cup 2022 នៅប្រទេសកាតាហើយចាប់ពីថ្ងៃពុធសប្តាហ៍នេះ ជាមួយនឹងតម្លៃចាប់ពី ៦៩ដុល្លារឡើងទៅ សម្រាប់លក់ជូនអ្នកគាំទ្រមកពីបរទេសនានា។

យោងតាមការចេញផ្សាយដោយ Bangkok Post របស់ថៃក៏បានឲ្យដឹងដែរថា សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ ខាងលើនេះ ក៏មានការបន្ធូរបន្ថយចំពោះប្រជាជន និងជនអន្តោប្រវេសន៍ដែលរស់នៅ និងធ្វើការនៅប្រទេសកាតាឲ្យបានចូលទស្សនាជាមួយនឹងតម្លៃពិសេសត្រឹមតែ ១១ដុល្លារប៉ុណ្ណោះក្នុង ១សន្លឹក ក៏ព្រោះតែស្ថិតក្នុងវិបត្តិកូវដ-១៩ ផងនោះ។

តម្លៃសំបុត្រ ៦៩ដុល្លារសម្រាប់ការប្រកួតក្នុងពូលនានាខាងលើនេះ នៅថ្លៃតិចជាងបើធៀបទៅនឹងសំបុត្របើកឆាក World Cup នៅរុស្ស៊ីកាលពី ៤ឆ្នាំមុន ដែលតម្លៃទាបបំផុតចាប់ពី ១០៥ដុល្លារឡើងទៅ ដ្បិតសំបុត្រទស្សនាផ្តាច់ព្រ័ត្រចាប់ពី ១១០០ដុល្លារ គ្រាដែលផ្តាច់ព្រ័ត្រនៅកាតា មានដល់ទៅ ១៦០៧ដុល្លារឯណោះ។

គិតមកទល់ពេលនេះ អាជ្ញាធរនៃប្រទេសកាតាមិនទាន់ជូនដំណឹងពីចំនួនអ្នកចូលរួម ដើម្បីទស្សនា World Cup លើកដំបូងក្នុងប្រទេសស្ថិតក្នុងប្លុកអារ៉ាប់នៅឡើយទេ ដ្បិតអ្នកវិភាគបានធ្វើការព្យាករណ៍ថា នឹងមានអ្នកទស្សនា សរុបប្រមាណ ១.២លាននាក់ចូលរួមទស្សនាក្នុងទីលានផ្ទាល់ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ៕