(ភ្នំពេញ)៖ ក្រុមហ៊ុន យូ-ផេ ឌីជីធល ម.ក និងក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ទៅលើភាពជាដៃគូសម្រាប់សេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថល និង ទាញយក ប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធរួមរបស់ភាគីទាំងពីរ។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងបុគ្គលិកទាំងអស់ រួមទាំងភ្ញៀវ កិត្តិយសនៃក្រុមហ៊ុនទាំងពីរផងដែរ។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ប្រព័ន្ធទូទាត់ប្រាក់របស់ក្រុមហ៊ុន យូ-ផេ នឹងត្រូវធ្វើសន្ធានកម្ម ជាមួយកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកដ៏ធំមួយឈ្មោះ អ៊ី-ហ្គេត (E-GetS)។

កិច្ចសហការនេះនឹងនាំមកនូវ អត្ថប្រយោជន៍ កាន់តែអស្ចារ្យដល់អាជីវក ដែលលក់ទំនិញ លើ កម្មវិធីទូរស័ព្ទដៃរបស់អ៊ី-ហ្គេត និងអ្នកប្រើប្រាស់ យូ-ផេ វ៉ាឡេត ផងដែរ ខណៈដែលកិច្ចសហការ នេះ នឹងអនុញ្ញាតឱ្យមានបណ្តាញ ទូទាត់ប្រាក់តាមបែបអេឡិចត្រូនិកកាន់តែងាយ ស្រួលជាងមុន។

អាជីវករនឹងអាចទទួលការបញ្ជាទិញ និងពិនិត្យមើលស្ថានភាពដឹកជញ្ជូន នៅលើម៉ាស៊ីន POS តែមួយ ដែលនឹងអនុញ្ញាតឱ្យពួកគាត់មានពេលវេលាផ្តោតទៅលើគុណភាពអាហារ និង ល្បឿននៃ ការផ្ដល់ សេវាកម្ម។ ក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយការបង់ប្រាក់ដោយ សុវត្ថិភាពខ្ពស់ តាមរយៈទូរស័ព្ទដៃស្មាតហ្វូន រួចទទួលបានការដឹកជញ្ជូនដល់ទីតាំង របស់ពួកគេតែម្តង ។

គោលដៅ ចម្បងនៃកិច្ចសហការ នេះ គឺចង់ឲ្យអាជីវករ និងអតិថិជនចូលរួមទូទាត់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិក ព្រមទាំងធ្វើឲ្យ បទពិសោធន៍ នៃការប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារកាន់តែអស្ចារ្យជាងមុន។

លោក Koh Hao Jie នាយកប្រតិបត្តិក្រុមហ៊ុន យូ-ផេ បានថ្លែងឡើង នៅក្នុងឱកាសនោះថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្ត ជាមួយ ក្រុមហ៊ុន អ៊ី-ហ្គេត ដើម្បី លើកកម្ពស់បទដ្ឋានទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងចាប់ផ្តើមយុទ្ធនាការប្រម៉ូសិនផ្សេងៗ ជាច្រើន ទៀតរួមគ្នាចាប់ពីថ្ងៃនេះតទៅ។ យើងជឿជាក់ថា ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក គឺជាផ្នែកមួយ នៃ របៀបរស់នៅថ្មីរបស់អតិថិជនយើង»

លោកបន្តថា កិច្ចសហការនេះនឹងជួយដល់អាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនក្នុងការអភិវឌ្ឍន៍ខ្លួន ដោយការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវប្រព័ន្ធបច្ចេកវិទ្យាក្នុងការប្រកបអាជីវកម្ម ដែលសកម្មភាពនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ឈានទៅរកសង្គមឌីជីថល និងសេដ្ឋកិច្ច ឌីជីថលនាពេលខាងមុខ។

លោក Zhang JuHui នាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្រុមហ៊ុន អ៊ី-ហ្គេត បានថ្លែងឲ្យដឹងផងដែរថា «ភាពជាដៃគូសហការយុទ្ធសាស្ត្រនេះ ពិតណាស់នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់រាល់អាជីករទាំងឡាយ របស់យើង ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការគ្រប់គ្រងការប្រមូលសាច់ប្រាក់របស់ពួកគេ ហើយយើងជឿជាក់ថា អតិថិជនរបស់យើងនឹងទទួលបាននូវបទពិសោធន៍ល្អៗនៅពេលប្រើប្រាស់»

លោកបាន បន្ថែមទៀតថា «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ការផ្តល់ជូនពិសេសផ្សេងៗជាច្រើនទៀត នឹងកើត មាន ជាបន្ដបន្ទាប់។

ក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដើម្បីបម្រើការធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាដឹកជញ្ជូនរហ័ស។ អ្នកប្រើប្រាស់អាចធ្វើការបញ្ជា ទិញអាហារ ភេសជ្ជៈ និងផលិតផល ពីរាប់ពាន់ហាង តាមរយៈទូរស័ព្ទស្មាតហ្វូន ហើយទំនិញទាំងនោះ នឹងត្រូវបានដឹកជញ្ជូនមកដល់ទីតាំងផ្ទាល់តែម្ដង។

ក្រុមហ៊ុន យូ-ផេ ឌីជីធល ម.ក ចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១៩ និងទទួលបានអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ក្នុងស្រុក ចេញដោយធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២០។ រហូតមកដល់ពេលនេះ យូ-ផេ បានបង្កើតមជ្ឈដ្ឋានទូទាត់បែបអេឡិចត្រូនិក ដែលរួមមានកម្មវិធី យូ-ផេ វ៉ាឡេត «U-Pay Wallet» និង ម៉ាស៊ីនដាក់/ដកប្រាក់ «យូ-ផេ KIOSK»។

អតិថិជនអាចទាញយក យូ-ផេ វ៉ាឡេត ពី App Store/ Play Store រួចចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃ ដោយចំណាយពេល ខ្លីបំផុត។ អតិថិជនអាចដាក់ប្រាក់ចូលគណនី យូ-ផេ វ៉ាឡេត របស់ពួកគេតាមរយៈម៉ាស៊ីន យូ-ផេ KIOSK ដែលមាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតដូចជា ខេត្តកណ្ដាល បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ។

សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចសហប្រតិបត្តិការរវាង យូ-ផេ និង អ៊ី-ហ្គេត សូមទូរស័ព្ទទៅលេខ៖+855 85 978 899 ឬ +855 81 978 899៕