(ភ្នំពេញ)៖ ក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ (JTI) បានទទួលពានរង្វាន់ផ្នែកការអនុវត្តគោលការណ៍ធនធានមនុស្សបានល្អប្រសើរ ជានិយោជកឆ្នើម ម្តងទៀតហើយ ពិសេសជាក្រុមហ៊ុនតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួលបានការកោតសរសើរ ពីវិទ្យាស្ថាន Top Employers ដ៏មានកិត្តិនាម។

វិទ្យាស្ថាន Top Employers គឺស្ថាប័នកម្រិតពិភពលោក ដែលសិក្សាលើផ្នែកការអនុវត្តគ្រប់គ្រង និងថែរក្សាធនធានមនុស្ស របស់ក្រុមហ៊ុនធំៗជុំវិញសកលលោក។ ស្ថាប័ននេះ បានកត់សម្គាល់ថា JTI បានបន្តផ្តល់ឱកាសស្មើភាព និងប្រាក់កម្រៃស្មើភាពដល់បុគ្គលិកគ្រប់រូប។ ជាក់ស្តែង កាលពីខែវិច្ឋិកា ២០២១ JTI ស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូង ដែលបានទទួលវិញ្ញាបនបត្រស្តង់ដារសមភាពសកល ពីស្ថាប័នហិរញ្ញវត្ថុEY។ លើសពីនេះ JTI ក៏ បានប្តេជ្ញាបន្តយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់បុគ្គលិក តាមរយៈគំនិតផ្តួចផ្តើមលំដាប់ពិភពលោកដូចជា ការផ្តល់ឱកាសឲ្យបុគ្គលិកធ្វើការដោយសេរី និងគោលការណ៍សម្រាកសម្រាប់គ្រួសារ។

វិទ្យាស្ថាននេះ បានចំណាយពេល៧ខែ ក្នុងការសិក្សាដោយឯករាជ្យ អំពី JTI កម្ពុជា ហើយបន្ទាប់ពីការពិនិត្យផ្ទៀងផ្ទាត់ដោយម៉ត់ចត់រួចមក វិទ្យាស្ថាន បានផ្តល់ពិន្ទុ៩៨,៧% ដល់JTI។ លទ្ធផលនេះ អាចបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានផ្តល់ឱកាសដល់បុគ្គលិក ដើម្បីរីកចម្រើន តាមរយៈការផ្តល់លក្ខខណ្ឌការងារល្អប្រសើរ អត្ថប្រយោជន៍ដ៏គួរឲ្យទាក់ទាញ ឱកាសស្មើភាពគ្នា និងប្រាក់ កម្រៃស្មើភាពគ្នា រួមទាំងឱកាសសិក្សាអភិវឌ្ឍន៍ខ្លួនដ៏មានប្រយោជន៍ផងដែរ។

លោក រ៉យ ម៉ាណាលីលី (Roy Manalili) អគ្គនាយកនៃក្រុមហ៊ុន JTI កម្ពុជា បានថ្លែងថា៖ «យើងពិតជាមានមោទកភាពណាស់ ដែលត្រូវបានទទួលស្គាល់ជានិយោជកឆ្នើម ជាថ្មីម្តងទៀត។ បុគ្គលិករបស់យើង គឺជាបេះដូងនៃអ្វីៗដែលយើងធ្វើ ដែលហេតុនេះហើយ យើងខិតខំផ្តល់នូវបរិយាកាសការងារល្អបំផុតដែលអាចធ្វើទៅបាន។ យើងនឹងបន្តវិនិយោគលើបុគ្គលិកបន្ថែមទៀត ដោយផ្តល់នូវធនធានដ៏សម្បូរបែប និងឱកាសដ៏មានន័យ ដើម្បីពួកគាត់អាចបញ្ចេញសមត្ថភាពនិងទេពកោសល្យ បានកាន់តែពេញលេញ»។

ការប្រឹងប្រែងនិងការតាំងចិត្តចំពោះបុគ្គលិក ដែលJTI កម្ពុជាបានបង្ហាញ ក៏ត្រូវបានមើលឃើញតាមរយៈការរក្សាចំនួនបុគ្គលិកគ្រប់រូប ក្នុងអំឡុងពេលការរាតត្បាតកូវីដ-១៩ ដើម្បីពួកគាត់អាចបន្តជួយផ្គត់ផ្គង់គ្រួសារក្នុងគ្រាលំបាក បើទោះជាវិបត្តិនេះ បានជះឥទ្ធិពលអវិជ្ជមានមកលើអាជីវកម្មក៏ដោយ។

«ខ្ញុំពិតជាសប្បាយរីករាយ និង រំភើបក្រៃលែង ដែលធ្វើការនៅJTI។ ក្រុមហ៊ុន ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លំាងចំពោះបុគ្គលិកគ្រប់រូប។ ក្រុមហ៊ុន តែងតែផ្តល់នូវឱកាសល្អៗ និងការអភិវឌ្ឍអាជីពជាច្រើន។» នេះជាការថ្លែងរបស់លោក គីម សុភក្តី ប្រធានដឹកជញ្ជូន និងឃ្លាំង នៅJTI កម្ពុជា។

JTI មិនត្រឹមតែល្អប្រសើរលើការវិនិយោគផ្នែកការអភិវឌ្ឍធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទទួលស្គាល់ជាដៃគូទុកចិត្តមួយរបស់រដ្ឋាភិបាល។ កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ការចូលរួមរបស់JTI ក្នុងកិច្ចអភិវឌ្ឍ និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ បន្ទាប់ពីក្រុមហ៊ុន បានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ហើយបានក្លាយជាក្រុមហ៊ុនមួយដែលបានចូលរួមបង់ពន្ធ បានច្រើនជាងគេនៅក្នុងប្រទេស។

សូមជម្រាបថា វិទ្យាស្ថាន Top Employers គឺជាស្ថាប័នសកលដែលធ្វើការទទួលស្គាល់លើការអនុវត្តល្អបំផុតលើ ផ្នែកធនធានមនុស្សនៅក្នុងក្រុមហ៊ុន។ ស្ថាប័ននេះ ជួយពន្លឿនការអនុវត្តទាំងអស់នេះ ដើម្បីពង្រឹងគុណភាពបរិយាកាសការងារ។ តាមរយៈវិញ្ញាបនបត្រទទួលស្គាល់ពីវិទ្យាស្ថាន Top Employers ក្រុមហ៊ុនដែលចូលរួមអាចផ្ទៀតផ្ទាត់ បញ្ជាក់ និងទទួលស្គាល់ជានិយោជកឆ្នើម។ វិទ្យាស្ថាន Top Employers បានបង្កើតឡើងកាលពី ៣០ឆ្នាំមុន ហើយបានផ្ដល់ពានរង្វាន់និយោជកឆ្នើមដល់ក្រុមហ៊ុន ចំនួន១៦៩១ នៅក្នុងប្រទេសចំនួន ១២០ ជុំវិញពិភពលោក។ នេះបញ្ជាក់ថា Top Employers បានបង្កើនប្រសិទ្ធភាព ជីវិតរបស់បុគ្គលិកចំនួន៧លាននាក់ទូទាំងសកលលោក។

ចំណែកឯ JTI គឺជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេមួយ ដែលមានប្រតិបត្តិការនៅជាង ១៣០ប្រទេស។ នេះគឺជាក្រុមហ៊ុនដែលជាម្ចាស់ផលិតផលម៉ាក Winston ដែលជាម៉ាកបារីល្បីឈ្មោះលេខ២ លើពិភពលោក និងបារី Camel នៅក្រៅប្រទេសសហរដ្ឋអាមេរិក និងជាម្ចាស់ម៉ាកល្បីឈ្មោះផ្សេងទៀត ដូចជា Mevius និងLD ព្រមទាំងម៉ាកPloom និងLogic។ មានទីស្នាក់កណ្តាលនៅទីក្រុងហ្សឺណេវ ប្រទេសស្វ៉ីស ក្រុមហ៊ុនមានបុគ្គលិកជាង ៤ម៉ឺននៅជុំវិញពិភពលោក ហើយបានទទួលពានរង្វាន់ក្រុមហ៊ុនឆ្នើមពិភពលោក អស់រយៈពេល ៧ឆ្នាំជាប់ៗគ្នាមកហើយ។ JTI ជាសមាជិកមួយនៃសាជីវកម្មសម្ព័ន្ធJT។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.jti.com. ៕