(អាមេរិក)៖ ខ្សែភាពយន្តល្បី «Mission: Impossible» វគ្គ៧ និងវគ្គ៨ ដែលមានការចូលរួមសម្តែង ពីសំណាក់តារាជើងចាស់ដ៏ល្បីល្បាញរបស់អាមេរិក Tom Cruise ត្រូវបានប្រកាសពន្យារពេលចាក់បញ្ចាំងរហូតដល់ឆ្នាំ២០២៣ និង២០២៤ ព្រោះតែការរីករាលដាលជំងឺកូវីដ-១៩។ នេះបើតាមការបញ្ចាក់ពីផលិតកម្ម Paramount Pictures និង Skydance។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា តាមគម្រោងខ្សែភាពយន្ន «Mission: Impossible» វគ្គ៧ គ្រោងដាក់បញ្ចាំងតាមរោងកុននៅខែកញ្ញា ឆ្នាំ២០២២ ខណៈវគ្គ៨ គ្រោងបញ្ចាំងនៅខែកក្កដា ឆ្នាំ២០២៣។ តែយ៉ាងណា ដោយសារតែមើលឃើញការរីករាលដាលជំងឺកូវីដ-១៩ នៅអាមេរិក ដែលជាទឹកដីកំណើតរបស់រឿងនេះ មានសភាពមិនទាន់ធូរស្រាល គេមិនទាន់ហ៊ានដាក់បញ្ចាំងនៅឡើយ។

កាលបរិច្ឆេទថ្មីនៃរឿងនេះ គឺសម្រាប់វគ្គ៧ នឹងលើកទៅបញ្ចាំង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ និងវគ្គ៨ នឹងលើកទៅបញ្ចាំងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

គួរជម្រាបថា ស្ថិតក្នុងបរិបទកូវីដ-១៩នេះ មានកម្មវិធីធំៗជាច្រើន រួមទាំងខ្សែភាពយន្តផងនោះ បានប្រកាសពន្យារពេលជាបន្តបន្ទាប់ ជាពិសេសកម្មវិធីដែលធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិក និងខ្សែភាពយន្តរបស់អាមេរិក។ ជាក់ស្តែង ដូចរឿង «Mission: Impossible» វគ្គ៧និង៨ គឺមានភាពរអាក់រអួលតាំងពីដំណើរការថតមកម្ល៉េះ ព្រោះតែកូវីដ-១៩។ បើគេនៅចាំមិនភ្លេច កាលពីឆ្នាំ២០២១ កន្លងទៅការថតរឿង «Mission: Impossible7» នៅចក្រភពអង់គ្លេស ត្រូវបានប្រកាសថា បានផ្អាកជាបណ្ដោះអាសន្នភ្លាមៗ ក្រោយពីរកឃើញក្រុមការងារចំនួន១៤នាក់ ធ្វើតេស្តវិជ្ជមានកូវីដ-១៩៕