(អាមេរិក)៖ ក្រុមហ៊ុន Intel Corp បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបង្កើនសក្តានុពលនៃសង្វាក់ផលិតកម្មផលិតបន្ទះឈីប ដើម្បីក្លាយជា ក្រុមហ៊ុនដ៏ធំបំផុតក្នុងពិភពលោកតាមរយ:ការវិនិយោគរហូតដល់ ១០០ពាន់លានដុល្លារ នៅក្នុងរដ្ឋ Ohio បន្ទាប់ពីពិភពលោក បានជួបបញ្ហាកង្វះខាតបន្ទះឈីបជាសកល និងបានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មស្មាតហ្វូន និងរថយន្ត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់នាយកប្រតិបត្តិលោក Pat Gelsinger ដើម្បីស្ដារឡើងវិញនូវបញ្ហាកន្លងមកដែលពិភពលោ កបានជួប ក៏ដូចជាក្រុមហ៊ុន Intel បានជួបផងដែរ ជាពិសេសគឺដើម្បីកាត់បន្ថយការពឹងផ្អែករបស់ក្រុមហ៊ុនអាមេរិកលើមជ្ឈមណ្ឌលផលិតនៅអាស៊ី ស្របពេលដែលភាពតឹងរ៉ឹង រវាងទីផ្សារនៃប្រទេសទាំងពីរនៅតែបន្ត។

លោក Gelsinger បាននិយាយថា ការវិនិយោគដំបូងចំនួន ២០ពាន់លានដុល្លារ ដែលជាទំហំធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Ohio លើផ្ទៃដីទំហំ ១០០០ហិចតាក្នុងទីក្រុង New Albany នឹងបង្កើតការងារចំនួន ៣០០០។ លោកបានបន្ថែមទៀតថា វាអាចកើនឡើងដល់ ១០០ពាន់លានដុល្លារ ជាមួយនឹងរោងចក្រផលិតសរុបចំនួន៨ ហើយនឹងក្លាយជាការវិនិយោគដ៏ធំបំផុតនៅលើកំណត់ត្រានៅក្នុងរដ្ឋ Ohio ។

នាយកប្រតិបត្តិរូបនេះបានបន្តទៀតថា ការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែវាមិនទាន់បញ្ចប់ការខ្វះខាតទាំងស្រុងនោះទេ បើសិនជាស្ថានភាពជំងឺកូវីដ១៩នៅតែបន្ត។

គួរបញ្ជាក់ផងដែរថា ដើម្បីបង្កើនការផលិតបន្ទះឈីបនៅក្នុងសហរដ្ឋអាមេរិក លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលសភាឱ្យយល់ព្រមលើការផ្តល់មូលនិធិឧបត្ថម្ភធនចំនួន ៥២ពាន់លានដុល្លារ៕