(បាសេឡូណា)៖ ខ្សែប្រយុទ្ធក្លិប FC Barcelona កីឡាករ Ansu Fati មានអារម្មណ៍ក្រៀមក្រំខ្លាំង ចំពោះបញ្ហារបួសនាពេលចុងក្រោយនេះ ដែលជាការលាប់ជំងឺចាស់នៅក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ Copa del Rey ក្នុងលទ្ធផលចាញ់ ៣-២ ក្រោមថ្វីជើង Athletic Bilbao កាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកចាត់ការ Xavi Hernandez បានលើកឡើងថា ក្លិបនឹងធ្វើការសម្រេចចិត្តនាពេលឆាប់ៗនេះ ប្រសិនបើលោកត្រូវការវះកាត់. នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

កីឡាករវ័យ ១៩ឆ្នាំលំដាប់អន្តរជាតិរបស់អេស្ប៉ាញរូបនេះ បានចូលប្រកួតក្នុងតង់ទី២ កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកបានព្យាយាមក្នុងការស្តារនីតិសម្បទា ដើម្បីវិលត្រឡប់ចូលប្រកួតវិញ បន្ទាប់ពីខកខានអស់រយៈពេល ២ខែ។ យ៉ាងណាមិញលោកបានហូរទឹកភ្នែក បន្ទាប់ពីរងរបួសម្តងទៀត។

«Ansu Fati ប៉ះពាល់ខ្លាំង។ វាជាស្ថានភាពអាក្រក់មួយ។ យើងបានជួបជាមួយក្រុមគ្រួសាររបស់គាត់ ដោយសារតែការលាប់ជំងឺជាថ្មីនេះ» នេះបើតាមសម្តីលោក Xavi បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមុនពេលការប្រកួតលីគ La Liga នាថ្ងៃអាទិត្យដែលត្រូវប៉ះក្រុម Alaves។

Fati បានប្រឈមមុខនឹងការសម្រាកពីការប្រកួតរយៈពេលយូរមួយទៀត បន្ទាប់ពីការធ្វើតេស្តកាលពីថ្ងៃសុក្របានបង្ហាញថា បញ្ហារបួសចាស់ នៅជើងរបស់លោកកាន់តែធ្ងន់ធ្ងរ។

Fati ដែលស្នងពាក់អាវលេខ១០ របស់ក្លិប Barca បន្តពីកីឡាករ Lionel Messi នោះ បានទទួលការបណ្តុះបណ្តាលពីប្រព័ន្ធយុវជនរបស់ក្លិប Barca នេះ ប៉ុន្តែត្រូវបានញាំញីដោយរបួស។ លោកបានទទួលការវះកាត់ចំនួន ៤ដង ដើម្បីព្យាបាលជង្គង់ខាងឆ្វេងរបស់លោកដែលបានរងរបួសកាលពីខែវិច្ឆិកា ឆ្នាំ២០២០៕