(ក្រុងឡុងដ៍)៖ Pep Guardiola បានក្លាយជាអ្នកចាត់ការទូទៅដែលបានដឹកនាំ Manchester City រកបានពិន្ទុកើនដល់ ៥០០ពិន្ទុ ដែលមានតែ ២១៣ប្រកួតប៉ុណ្ណោះក្នុងលីគកំពូលអង់គ្លេស Premier League។
បុរសសញ្ជាតិអេស្ប៉ាញមកពីតំបន់ Catalan ខាងលើនេះប្រើពេលតិចជាង ១៨ប្រកួត បើធៀបនឹងលទ្ធផលដូចគ្នា ៥០០ពិន្ទុជាមួយអតីតគ្រូបង្វឹក Jose Mourinho ដ្បិត City រកបានតែ ១ពិន្ទុផងដែរក្នុងផ្ទះរបស់ Southamton ពីការប្រកួតស្មើគ្នា ១-១ ក្នុងលីគនារាត្រីថ្ងៃសៅរ៍យប់មិញនេះក៏ដោយ។
ដូចគ្នានោះដែរ Southampton ក៏បានបញ្ចប់កំណត់ត្រាឈ្នះ ១២ប្រកួតជាប់ៗគ្នារបស់មេឃខៀវ គ្រាដែលក្រុមការពារតំណែងជើងឯកមួយនេះបន្តនាំមុខកំពូលតារាងដាច់ ១២ពិន្ទុផងដែរពីក្រុមលេខ២ Liverpool ដ្បិតហង្សក្រហមនៅសល់ ២ប្រកួតក្នុងដៃ។
Pep Guardiola ដែលត្រូវបានតែងតាំងឲ្យដឹកនាំ Manchester City នាខែសីហា ឆ្នាំ២០១៦ មកនោះ ក៏មានថ្លៃនឿយហត់ ២០លានផោនក្នុង ១ឆ្នាំច្រើនជាងគេផងដែរ ក្នុងចំណោមគ្រូបង្វឹកនៅ Premier League ស្ថិតក្នុងចំណោមគ្រូបង្វឹកផ្សេងៗទៀតដែលដឹកក្លិបលេងនៅលីគកំពូលអង់គ្លេសរកបាន ៥០០ពិន្ទុមានដូចជាលោក Arsene Wenger ដឹកនាំ Arsenal រកបាន ៥០០ពិន្ទុក្នុងចំនួន ២៤៩ប្រកួត, Rafael Benitez (២៦៧), David Moyes (៣៤០), Martin O’Neill (៣៥១), Mark Hughes (៣៦៧), Sam Allardyce (៣៨៦), Harry Redknapp (៣៩២) និងលោក Steve Bruce (៤៤១)៕