(ភ្នំពេញ)៖ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ យើងបានចេញអត្ថបទច្បាប់លើប្រធានបទស្ដីពី ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុលរួចមកហើយ ដែលផ្ដោតសំខាន់ទៅលើសិទ្ធិរបស់ម្ចាស់បំណុល ក្នុងការអនុវត្តសិទ្ធិលើបំណុលដែលកូនបំណុលមាន ជំនួសកូនបំណុល។

ដោយឡែក ក្នុងសប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទមួយទៀតស្ដីពី «អនុប្បទានសិទ្ធិលើបំណុល» មកធ្វើការចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត វិញម្ដង។

តើអ្វីទៅជាអនុប្បទានសិទ្ធិលើបំណុល? ហើយថាតើត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ ដើម្បីបង្កើត ក៏ដូចជាធ្វើឱ្យមានអានុភាពអនុវត្តអនុប្បទានសិទ្ធិលើបំណុលបាន?

យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា អនុប្បទានសិទ្ធិលើបំណុល គឺជាការផ្ទេរសិទ្ធិលើបំណុលពីអ្នកមានសិទ្ធិលើបំណុល ទៅបុគ្គលផ្សេងទៀតដែលមិនមែនជាកូនបំណុល ដោយច្បាប់បានបញ្ញត្តិថា អ្នកមានសិទ្ធិលើបំណុលគឺ «អនុប្បទាយី» រីឯអ្នកទទួលសិទ្ធិលើបំណុលវិញគឺ «អនុប្បទានិក»។ ជាមួយគ្នានេះ ច្បាប់មិនបានកំណត់ពីលក្ខខណ្ឌ ឬទម្រង់នៃការបង្កើតអនុប្បទានសិទ្ធិលើបំណុលច្បាស់លាស់ឡើយ ហេតុនេះ ភាគីមិនចាំបាច់ធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬជាទម្រង់លិខិតយថាភូតក៏បានដែរ ដោយភាគីអាចបង្កើតឡើងបានតាមការព្រមព្រៀង ឬតាមបញ្ញត្តិច្បាប់ ដោយការលក់សិទ្ធិលើបំណុល ឬដូរ ឬធ្វើប្រទានកម្ម ជាអាទិ៍។

ក្រោយពីមានការព្រមព្រៀងគ្នារវាងអនុប្បទាយី (ម្ចាស់បំណុល) ដែលមានគោលបំណងធ្វើអនុប្បទានសិទ្ធិលើបំណុល ជាមួយអនុប្បទានិកដែលមានគោលបំណងទទួលសិទ្ធិលើបំណុលនោះរួចរាល់ នាំឱ្យកើតមានអានុភាពនៃអនុប្បទានសិទ្ធិលើបំណុលផងដែរ។ បន្ទាប់ពីអនុប្បទាយី បានប្រគល់សិទ្ធិលើបំណុលទៅឱ្យអនុប្បទានិក នោះអនុប្បទានិកនឹងក្លាយជាម្ចាស់បំណុលថ្មី ហើយមានសិទ្ធិអនុវត្តនូវសិទ្ធិលើបំណុលដើមជំនួសអនុប្បទាយីបាន។

យ៉ាងណាមិញ សិទ្ធិលើបំណុលមួយចំនួន មិនអាចធ្វើអនុប្បទានបានឡើយ ដោយហេតុថា សិទ្ធិលើបំណុលនោះ មានការចងកាតព្វកិច្ចរវាងតែម្ចាស់បំណុលជាមួយកូនបំណុលតែប៉ុណ្ណោះ។ មួយវិញទៀត ភាគីអាចធ្វើការសន្យាពិសេសដែលបង្ហាញឆន្ទៈដើម្បីហាមឃាត់មិនឱ្យធ្វើអនុប្បទានសិទ្ធិលើបំណុលបាន ប៉ុន្ដែករណីនេះ មិនអាចតតាំងចំពោះតតិយជនដែលមិនបានដឹងអំពីការណ៍នេះបានឡើយ (លើកលែងតែមិនបានដឹងដោយកំហុសធ្ងន់ធ្ងរ)។

ដូច្នេះ តើអនុប្បទាយី ឬអនុប្បទានិក គួរធ្វើបែបណាទើបអាចមានសិទ្ធិតតាំងជាមួយតតិយជន ឬកូនបំណុលបាន?

ជាគោលការណ៍ច្បាប់ បានអនុញ្ញាតឱ្យអនុប្បទានិក ដែលម្ចាស់បំណុលបានកំណត់ឈ្មោះជាក់លាក់ (សិទ្ធិលើការកំណត់ឈ្មោះជាសិទ្ធិរបស់ម្ចាស់បំណុល) ជាអ្នកមានសិទ្ធិលើបំណុល អាចអះអាងអំពីសិទ្ធិនេះ យកទៅតតាំងជាមួយតតិយជនបាន ។ ប៉ុន្ដែអនុប្បទាយី ឬអនុប្បទានិក មិនអាចតតាំងជាមួយកូនបំណុល ឬតតិយជនផ្សេងបានឡើយ ប្រសិនបើមិនបានជូនដំណឹងអំពីអនុប្បទានសិទ្ធិលើបំណុលនេះ ដល់កូនបំណុល ឬមិនមានការយល់ព្រមពីកូនបំណុល។

ចំពោះការជូនដំណឹង ឬការយល់ព្រមនេះ ពុំមានកំណត់ទម្រង់អ្វីនោះទេ ហេតុនេះការជូនដំណឹងអាចធ្វើឡើងដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ ប៉ុន្ដែការជូនដំណឹង ឬការយល់ព្រមខាងលើនេះ បើមិនធ្វើឡើងដោយលិខិតដែលមានកាលបរិច្ឆេទស្ថាពរទេ (សំដៅលើលិខិតដែលធ្វើឡើងជាលាយលក្ខណ៍អក្សរ ដែលតាក់តែងឡើងដោយស្ថាប័នរដ្ឋ ឬលិខិតយថាភូតដែលតាក់តែងដោយសារការី ឬមេធាវី ដោយមានសរសេរអំពីព័ត៌មានអត្តសញ្ញាណរបស់អ្នកជូនដំណឹង និងឈ្មោះ រួមទាំងទីតាំងរបស់អ្នកទទួល កម្មវត្ថុ ឬគោលបំណង កាលបរិច្ឆេទ ស្នាមមេដៃ ឬហត្ថលេខារបស់អ្នកជូនដំណឹង រួមជាមួយហត្ថលេខា និងត្រារបស់ស្ថាប័នរដ្ឋ ឬសារការី ឬមេធាវី អមជាមួយដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវនៃលិខិតនោះ) នោះពុំមានអានុភាពតតាំងជាមួយតតិយជនបានឡើយក្រៅពីកូនបំណុល។

ជាពិសេស ប្រសិនបើអនុប្បទានិកបានបំពេញលក្ខខណ្ឌដូចបានរៀបរាប់ខាងលើនេះ ដូច្នេះអនុប្បទានិកមានសិទ្ធិតាំងខ្លួនជាម្ចាស់បំណុលថ្មី ក្នុងការទាមទារឱ្យកូនបំណុលអនុវត្តកាតព្វកិច្ចចំពោះខ្លួនបាន។

ក្នុងករណីដែលធ្វើអនុប្បទានសិទ្ធិលើបំណុលតែមួយ តែធ្វើឡើងច្រើនដង នោះអាទិភាពនៃអនុប្បទាននេះ ត្រូវកំណត់យកការជូនដំណឹង ដែលមានកាលបរិច្ឆេទស្ថាពរបានដល់កូនបំណុល ឬពេលដែលកូនបំណុលយល់ព្រមទទួលលិខិតនោះ។ ប៉ុន្តែ ប្រសិនបើមិនអាចកំណត់លំដាប់នៃការជូនដំណឹងបានដល់ ឬពេលដែលកូនបំណុលបានយល់ព្រមទេ នោះត្រូវចាត់ទុកថា ការជូនដំណឹងនីមួយៗបានដល់កូនបំណុលក្នុងពេលតែមួយ ឬកូនបំណុលបានយល់ព្រមក្នុងពេលជាមួយគ្នាដែរ។

ដូច្នេះ អនុប្បទានិកនីមួយៗអាចទាមទារឱ្យកូនបំណុលអនុវត្តកាតព្វកិច្ចចំពោះខ្លួនបាន ប៉ុន្ដែក្នុងករណីនេះ កូនបំណុលអាចសងចំពោះម្ចាស់បំណុលណាម្នាក់ដែលមានអាទិភាព រួមទាំងត្រូវតម្កល់នូវវត្ថុដែលជាកម្មវត្ថុនៃកាតព្វកិច្ច នោះទើបកាតព្វកិច្ចរបស់កូនបំណុលត្រូវបានរំលត់។ ជាមួយគ្នានេះ កូនបំណុលមិនអាចលើកយកមូលហេតុដែលខ្លួនអាចធ្វើការតតាំងជាមួយអនុប្បទានិកបានឡើយ ប្រសិនបើខ្លួនបានធ្វើការយល់ព្រមដោយគ្មានការតវ៉ាចំពោះការធ្វើអនុប្បទាននេះ ប៉ុន្ដែអាចធ្វើការតតាំងជាមួយអនុប្បទានិកបាន ប្រសិនបើអនុប្បទាយីគ្រាន់តែជូនដំណឹងមកខ្លួនអំពីអនុប្បទាននេះ តែខ្លួនមិនទាន់បានយល់ព្រមនៅឡើយ។ មួយវិញទៀតប្រសិនបើកូនបំណុលបានសងប្រាក់ទៅអនុប្បទាយីដើម្បីរំលត់កាតព្វកិច្ចរួចរាល់ ហើយកូនបំណុលត្រូវទទួលបន្ទុកកាតព្វកិច្ចមួយទៀត ដើម្បីរំលត់កាតព្វកិច្ចដើម នោះកូនបំណុលអាចទាមទារឱ្យអនុប្បទាយីសងប្រាក់មកខ្លួនវិញបាន។

សរុបរួមមក អនុប្បទានសិទ្ធិលើបំណុល គឺជាការផ្ទេរសិទ្ធិលើបំណុល ពីអនុប្បទាយី ទៅអនុប្បទានិក តាមការព្រមព្រៀង ឬតាមបញ្ញត្តិច្បាប់ ដោយការលក់សិទ្ធិលើបំណុល ឬដូរ ឬធ្វើប្រទានកម្ម ជាអាទិ៍។ ក្រោយពីមានការព្រមព្រៀងគ្នាបង្កើតអនុប្បទានសិទ្ធិលើបំណុល នោះនាំឱ្យអានុភាពរបស់វាកើតឡើងស្របពេលជាមួយគ្នាផងដែរ។ ជាមួយគ្នានេះ ដើម្បីឱ្យអនុប្បទានសិទ្ធិលើបំណុលនេះរឹតតែមានអានុភាពអាចតតាំងជាមួយកូនបំណុល ឬតតិយជនផ្សេងបាន អនុប្បទាយី ឬអនុប្បទានិក ត្រូវធ្វើការជូនដំណឹងដល់កូនបំណុលជាលាយលក្ខណ៍អក្សរ ឬទទួលការយល់ព្រមពីកូនបំណុល តែបើមិនធ្វើជាលាយលក្ខណ៍អក្សរទេ នោះមិនអាចតតាំងជាមួយតតិយជនផ្សេងបានឡើយ។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕