(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងធ្វើការស្នើបញ្ជូនអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជា ២រូប ចូលរួមកាត់សេចក្ដីក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ ហើយដល់វេនកម្ពុជាធ្វើម្ចាស់ផ្ទះ សហព័ន្ធមានមហិច្ចតាចង់ឃើញអាជ្ញាកណ្ដាល-ចៅក្រមយ៉ាងតិច ៥នាក់កាត់សេចក្ដីលើទីលាន ក្នុងនាមជាម្ចាស់ផ្ទះ។

លោកបានលើកឡើងដូច្នេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្ដាល កម្រិត «ក» នៅថ្ងៃទី២៣ ខែមករានេះ ក្រោយបញ្ចប់សិក្សា ៥ថ្ងៃ ទាំងទ្រឹស្ដី និងការអនុវត្ត ដែលបង្រៀនដោយគ្រូឧទ្ទេសកម្រិតអន្ដរជាតិ ២រូប គឺលោក Master Nguyen Van Coung និងលោក ទេព ជីវសុខុម។ វគ្គនេះ មានសិក្ខាកាមចូលរួម ២៥នាក់ មកពី ១០រាជធានី-ខេត្ត ខណៈលទ្ធផល ១៥នាក់ទទួលបាននិទ្ទេសល្អ និង ១០នាក់ និទ្ទេសល្អបង្គួរ។

ប្រមុខសហព័ន្ធខាងលើ បានគូសបញ្ជាក់ថា «ឆ្លងកាត់ការសិក្សាប៉ុន្មានថ្ងៃមកនេះ ខ្ញុំបានធ្វើការជាមួយសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម នាពេលខាងមុខ ខ្ញុំនឹងជូនដំណឹងឲ្យអាជ្ញាកណ្ដាលរបស់យើង ដែលបានសិក្សាក្នុងវគ្គនេះ យើងនឹងបញ្ជូន ២នាក់ ចូលរួមធ្វើអាជ្ញាកណ្ដាល-ចៅក្រម នៅរាជធានីហាណូយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ ខាងមុខ»

ដោយហេតុនេះ លោកបានជំរុញឲ្យគ្រូឧទ្ទេស និងប្រធានវគ្គ ត្រូវតាមដាន និងត្រួតពិនិត្យការធ្វើអាជ្ញាកណ្ដាល-ចៅក្រម ចាប់ពីស្អែកតទៅ ជាមួយនឹងការអនុវត្តផ្ទាល់ បន្ទាប់ពីបញ្ចប់ការសិក្សា ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ដោយកត់សម្គាល់សម្រាប់អាជ្ញាកណ្ដាល-ចៅក្រមល្អ សម្រាប់បញ្ជូនឈ្មោះចូលរួមស៊ីហ្គេម នៅវៀតណាម ដើម្បីដកស្រង់បទពិសោធន៍ ពិសេសពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក អ៊ូ រតនា បន្ដថា «មុនដល់ស៊ីហ្គេម ឆ្នាំ២០២៣ យើងក៏មានជើងឯកអាស៊ីអាគ្នេយ៍ ដែលយើងធ្វើម្ចាស់ផ្ទះ នាខែមករា ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបានអនុញ្ញាតដែរ ។ យើងធ្វើនេះ ដើម្បីជាទុនក្នុងការ Pre-Sea Games ។ ចឹងទាមទារឲ្យមានអាជ្ញាកណ្ដាល-ចៅក្រមរបស់យើងចូលរួមច្រើន ។ ពេលនោះយើងជាម្ចាស់ផ្ទះ យើងមិនមែនចូលតែ ២នាក់ទេ មហិច្ឆតារបស់សហព័ន្ធ គឺចង់យ៉ាងតិចក៏ ៥នាក់ដែរ ក្នុង ។ អ៊ីចឹងសង្ឃឹមថា សិក្ខាកាមទាំងអស់ ដែលជាអាជ្ញាកណ្ដាល-ចៅក្រមនឹងធ្វើបាន»

គួរបញ្ជាក់ថា ស៊ីហ្គេម នៅវៀតណាម ដែលពន្យារពេលមកពីឆ្នាំ២០២១ នឹងដំណើរការប្រកួតពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ដោយម្ចាស់ផ្ទះវៀតណាម បានកំណត់កីឡា ៤០ប្រភេទ ស្មើនឹង ៥២៦វិញ្ញាសាដាក់ឲ្យប្រកួត ហើយកម្ពុជា ត្រៀមបញ្ជូនអត្តពលិកប្រមាណ ៣២ប្រភេទកីឡាចូលរួម ក្នុងនោះក៏មានប្រភេទកីឡាវ៉ូវីណាមផងដែរ ។ រីឯស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រព្រឹត្តទៅពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដការប្រកួតកីឡអាស៊ានប៉ារ៉ាហ្គេម ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕