(អាមេរិក)៖ បណ្ដាញសង្គមដ៏គួរឱ្យទុកចិត្ត Twitter បានប្រកាសឱ្យដឹងថា ប្រធានផ្នែកសន្តិសុខសុវត្ថិភាព និងប្រធានផ្នែកព័ត៌មានសន្តិសុខសុវត្ថិភាព នឹងចាកចេញពីក្រុមហ៊ុននៅក្នុងពេលឆាប់ខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការចាក ចេញឡើយ។

យោងតាមការចេញផ្សាយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការរង្គោះរង្គើនេះកើតឡើងបន្ទាប់ពីសហស្ថាបនិក Twitter លោក Jack Dorsey បានលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) កាលពីខែវិច្ឆិកាកន្លងទៅនេះ ដោយបានប្រគល់តួនាទីទៅឱ្យអនុប្រធានកំពូលលោក Parag Agrawal ប្រធានផ្នែកបច្ចេកវិទ្យា (CTO) ជាអ្នកកាន់តំណែងបន្ត ហើយក៏មានការរៀបចំរចនាសម្ព័ន្ធដឹកនាំឡើងវិញសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះចាប់តាំងពីពេលនោះមក។

លោក Peiter Zatko គឺជាអតីត Hacker មួយរូបដែលមានល្បីល្បាញ និងត្រូវបានគេស្គាល់នៅលើពិភពអ៊ីនធើណែតថា «Mudge» បាន ចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Twitter កាលពីឆ្នាំ២០២០ ក្នុងនាមជាប្រធានផ្នែកសន្តិសុខសុវត្ថិភាព ក្រោយពេលដែល បណ្ដាញសង្គម Twitter ត្រូវបានរងការវាយប្រហារពីសំណាក់ Hacker ដែលអនុញ្ញាតឱ្យពួកគេបង្ហោះសារចេញពីគណនីជនល្បីឈ្មោះដូចជា Bill Gates និង Elon Musk ជាដើម។

ចំណែកប្រធានផ្នែកព័ត៌មានសន្តិសុខសុវត្ថិភាព Rinki Sethi មិនត្រូវបានខាង Twitter បង្ហើបឱ្យដឹងពីព័ត៌មានច្រើនឡើយ គ្រាន់តែដឹងថា ពួកគេទាំងពីរនាក់នឹងចាកចេញក្នុងពេលឆាប់ៗខាងមុនេះ។

គួរបញ្ជាក់ផងដែរថា លោក Jack Dorsey បានប្រគល់តំណែង CEO ឱ្យទៅលើលោក Parag Agrawal ដោយសារតែគាត់បានបម្រើការងារ អស់រយ:ប្រមាណ ១០ឆ្នាំមកហើយនៅក្នុងក្រុមហ៊ុន Twitter និងជាមនុស្សម្នាក់ដែលបានយល់ដឹងច្បាស់ពីគោលដៅ និងចក្ខុវិស័យរបស់ Twitter ផងដែរ៕