(ក្រុងឡុងដ៍)៖ ត្រឹមរយៈពេលតែ ៣សប្តាហ៍ក្រុមបាល់ទាត់តោខៀវ Chelsea រកបានជ័យជម្នះ ៣ដងទៅលើគូប្រជែង Tottenham Hotspur ទាំងការប្រកួតក្នុងព្រឹត្តិការណ៍លីគកំពូលអង់គ្លេស និងពាន League Cup។

តួយ៉ាង Chelsea បន្តយកឈ្នះ ២-០ ទៅលើ Spurs នៅទឹកដី Stamford Bridge នៃ Premier League នារាត្រីថ្ងៃអាទិត្យ ដ្បិតពួកគេក៏បានយកឈ្នះក្នុងលទ្ធផលនេះដូចគ្នាកាលពីជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយនៅ League Cup មុនបន្តយកឈ្នះ ១-០ ក្នុងជើងទី២ ទៀតនៅទឹកដី Tottenham Stadium។

នេះមានន័យថា ក្រុមដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel បន្តយកឈ្នះអតីតក្រុមរបស់គ្រូបង្វឹកចាស់របស់ពួកគេ លោក Antonio Conte ៣លើកជាប់ៗគ្នា ត្រឹមតែរយៈពេល ៣សប្តាហ៍ដូចគ្នាផងដែរ។

ខ្សែបម្រើ Hakim Ziyech ដែលម៉ារ៉ុកមិនត្រូវការសម្រាប់លេងពាន CAF Africa Cup of Nations 2021 នៅប្រទេសកាមេរូននោះ រកបាន ១គ្រាប់ផងដែរនៅនាទី៤៧ នៅពេលរូបគេក៏រកបាន ១គ្រាប់ផងដែរ ពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹង Brighton កាលពីរាត្រីថ្ងៃអង្គារ មុនពេល ៨នាទីបន្ទាប់ ខ្សែការពារប្រេស៊ីល Thiago Silva ធ្វើបានសម្រេចគ្រាប់ទី២។

នេះជាការបរាជ័យលើកដំបូងនៅ Premier League របស់ Spurs ក្រោមការបង្វឹករបស់លោក Conte ដែលធ្លាប់ដឹកនាំ Chelsea ឈ្នះជើងឯកលីគកំពូលអង់គ្លេស និងពាន FA Cup ដែលត្រូវបានតែងតាំងដឹកនាំក្លិបមាន់ខ្នាយមាសកាលខែវិច្ឆិកា ឆ្នាំ២០២១ ជំនួសកៅអីលោក Nuno Espirito Santo៕