(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិទុយនេស៊ី បានធ្វើឲ្យក្រុមដែលសល់សមាជិកតែ ១០នាក់នីហ្សេរីយ៉ាហាលអាវពីព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាហ្វ្រិក CAF Africa Cup of Nations 2021 នៅពេលយកឈ្នះ ១-០ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនាយប់មិញនេះ ដែលមានកាមេរូនធ្វើម្ចាស់ផ្ទះ។

ខ្សែបម្រើដែលត្រូវបានជ្រើសរើសចេញពីក្លិប Everton គឺ Alex Iwobi ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន ដោយប្រព័ន្ធ VAR នៅពេលក្រុមស្ថិតនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក នីហ្សេរីយ៉ាធ្វើបានជ័យជម្នះ ៣ប្រកួតជាប់ៗគ្នាក្នុងពូលរួចមក មុនពេលមកបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ទុយនេស៊ី ក្នុងវគ្គចាញ់-ធ្លាក់ទៅវិញ។

ទុយនេស៊ី ដែលជាអតីតជើងឯក Africa Cup of Nations កាលឆ្នាំ២០០៤ នោះ បានជូនដំណើរនីហ្សេរីយ៉ា ត្រឡប់ទៅផ្ទះវិញ នៅពេលកីឡាករ Msakni រកបានគ្រាប់ជ័យជម្នះតែ ១គ្រាប់ប៉ុណ្ណោះនៅនាទី៤៧ ពីការបញ្ជូនរបស់ Drager។

ទុយនេស៊ី ត្រូវប៉ះ Burkina Faso ជាបន្តទៀតក្នុងវគ្គ ៨ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ ក្រោយពេលទម្លាក់នីហ្សេរីយ៉ា ដែលជាអតីតជើងឯក ៣សម័យកាល បានយកឈ្នះគូប្រជែងអេហ្ស៊ីប ស៊ូដង់ និង Guinea-Bissau ពីក្នុងវគ្គចែកពូលរួចមក ក្រោមការបង្វឹករបស់លោក Augustine Eguavoen៕