(បរទេស)៖ ទោះបីជាការចាក់បញ្ចាំងរឿង «Spider-Man: No Way Home» ស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ ប៉ុន្តែរឿងនេះ នៅតែបន្តកើបប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតបានក្លាយជាភាពយន្តទី៦ ក្នុងប្រវត្តិសាស្ត្រ ដែលរកប្រាក់ចំណូលបានច្រើនបំផុត ខ្ទង់ ១.៦៩ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Time នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

បើតាមគេហទំព័រ Variety បានឲ្យដឹងថា គិតត្រឹមពេលនេះ រឿង «Spider-Man: No Way Home» ដែលចាយទុនផលិតអស់ទឹកប្រាក់ ២០០លានដុល្លារនោះ ទទួលបានប្រាក់ចំណូលសរុបពីជុំវិញពិភពលោកខ្ទង់ ១.៦៩ពាន់លានដុល្លារអាមេរិក។ ដែលធ្វើឲ្យរឿងនេះ យកឈ្នះរឿង «Jurassic World» ដែលរកប្រាក់បាន ១.៦៧ពានលានដុល្លារអាមេរិក និងរឿង «The Lion King» ជាមួយទឹកប្រាក់ ១.៦៦ពាន់លានដុល្លារអាមេរិក។ បន្ទាប់ពីយកឈ្នះរឿងទាំងពីរនេះ វាក៏ក្លាយជាភាពយន្តទី៦ ដែលរកចំណូលបានច្រើនបំផុត។

«Spider-Man: No Way Home» សម្តែងដោយ Tom Halland បញ្ចេញបាន៦សប្តាហ៍ហើយ ខណៈប្រាក់ចំណូលក្នុងស្រុក គឺរកបាន ៧២១លានដុល្លារ និងពីបរទេសបានចំនួន ៩៧០.១លានដុល្លារអាមេរិក។

គួរជម្រាបថា រឿង «Spider-Man: No Way Home» ត្រូវបានគេចាត់ទុកថា ជាខ្សែភាពយន្តដែលរកប្រាក់ចំណូលបានច្រើនបំផុត ក្នុងរដូវកាលកូវីដ-១៩នេះ។ រឿងនេះ មានការចូលរួមពីសំណាក់តារាសម្ដែងដទៃទៀត ក្នុងភាពយន្ត ដូចជា Jacob Batalon (ចេខុប បាឡាតុន) ដែលដើរតួជាមិត្តល្អរបស់ Tom Holland (ថម ហុលឡេន) និង Zendaya (ហ្សេនដាយ៉ា) ផងដែរ៕