(កំពង់ស្ពឺ)៖ ជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ដ៏ធំប្រចាំឆ្នាំដែលធ្វើឡើងនៅឧទ្យានជាតិគិរីរម្យ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា ដោយនាំយកភាពរីករាយ និងការកម្សាន្តបែបសុខភាពជូនដល់កីឡាករ និងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្តែងអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាវាយតម្លៃខ្ពស់ចំពោះកម្មវិធីនេះខ្លាំងណាស់ ព្រោះវាមិនត្រឹមតែជួយលើកស្ទួយវិស័យកីឡាជិះកង់ប៉ុណ្ណោះទេ តែវាថែមទាំងជំរុញដំណើរកម្សាន្តក្នុងស្រុក បង្កើតឱកាសឲ្យកីឡាករហ្វឹកហាត់ពង្រឹងសមត្ថភាព ក៏ដូចជាទទួលបានការកម្សាន្ត និងសុខភាពនាចុងសប្តាហ៍ផងដែរ»

អ្នកស្រី បន្ថែមថា ការចូលរួមយ៉ាងច្រើនបែបនេះ បានសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីនេះ ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ពិតជាមានមោទកភាពជាខ្លាំង ដែលបានក្លាយជាម្ចាស់ឧបត្ថម្ភផ្តាច់មុខក្នុងការនាំយកព្រឹត្តិការណ៍នេះ រហូត ៣លើកផ្សេងគ្នា ក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ ជាក់ស្តែង ជុំផ្តាច់ព្រ័ត្រនៃការប្រណាំងនេះ បានទាក់ទាញកីឡាករជិត ៤០០ នាក់ មកពីខេត្តក្រុងនានាទូទាំងប្រទេស។

លោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ បានថ្លែងថា៖ «កម្មវិធីបានដំណើរការទៅយ៉ាងល្អ ហើយយើងឃើញថាកីឡាករពួកគាត់សប្បាយរីករាយជាខ្លាំង។ ទោះបីទីតាំងប្រកួតក្នុងជុំទី៣ នេះ មានចម្ងាយឆ្ងាយពីភ្នំពេញបន្តិចក្តី តែកីឡាករមិនថាក្មេង ចាស់ ប្រុសស្រីនោះតែ ពួកគាត់នៅតែតស៊ូមកចូលរួមព្រោះការស្រលាញ់»

លោក Pierre Yves Catry បន្តថា គណៈកម្មាធិការរៀបចំការប្រកួត ក៏ដូចជាម្ចាស់ឧបត្ថម្ភនឹងសិក្សាពីលទ្ធភាពបន្តនាំយក ព្រឹត្តិការណ៍នេះមកជូនពលរដ្ឋទៀតនាពេលខាងមុខនេះ ដោយលោករំពឹងថាអាចនឹងមានការបន្ថែមចំនួនជុំ និងទីតាំងផ្សេងក្នុងប្រទេសកម្ពុជា។ ការប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES បានធ្វើឡើងចំនួន ៣ ជុំផ្សេងគ្នារួមមាន នៅភ្នំជាលក្នុងខេត្តកំពង់ស្ពឺ នៅព្រែកលៀបក្នុងរាជធានីភ្នំពេញ និងជុំផ្តាច់ព្រ័ត្រនៅឩទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺ ដោយជុំនីមួយៗធ្វើឡើងរយៈពេលកន្លះថ្ងៃ។

ការប្រកួតបែងចែកជា ១៤ វិញ្ញាសាផ្សេងគ្នា ដែលកីឡាករនីមួយៗតម្រូវឲ្យប្រណាំងក្នុងរយៈចម្ងាយដែលបានកំណត់ទៅតាមប្រភេទនៃវិញ្ញាសា និងត្រូវជិះឆ្លងកាត់ស្ថានភាពផ្លូវមានដូចជា ផ្លូវរាបស្មើ ផ្លូវទួល ផ្លូវភ្នំ ផ្លូវមានថ្ម និងផ្លូវឩបសគ្គផ្សេងទៀតមុនទៅដល់ទីលានផ្តាច់ព្រ័ត្រ។ វាជាកម្មវិធីដ៏ល្អ ដែលអនុញ្ញាតឲ្យកីឡាករអាចប្រកួតដើម្បីឈ្នះពានរង្វាន់ និងពង្រឹងសមត្ថភាពរបស់ខ្លួនត្រៀមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

កីឡាករទទួលបានពានរង្វាន់ត្រឡប់ទៅផ្ទះវិញ ដែលមានអត្ថន័យយ៉ាងធំធេងសម្រាប់កីឡាករនីមួយៗ ព្រោះពួកគាត់បានប្រឹងប្រែងតស៊ូ ជម្នះរាល់ឧបសគ្គដើម្បីទទួលបានជោគជ័យ។ ក្រៅពីនេះ ម្ចាស់ឧបត្ថម្ភកម្មវិធីក៏បានលើកទឹកចិត្តដល់កីឡាករជ័យលាភីដោយការផ្តល់ជូនភេសជ្ជៈប៉ូវកម្លាំង វើកផងដែរ៕