(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បានបញ្ចប់ការប្រកួតប្រកបដោយផ្លៃផ្កា ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតញស្វាញ ១ថ្ងៃពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅទីលានវិទ្យាល័យ ជា ស៊ីម បឹងកេងកង ។ បន្ទាប់ពីរកឃើញក្រុមជើងឯកប្រចាំឆ្នាំ សហព័ន្ធក៏គ្រោងរៀបចំពានថ្មីមួយទៀត នាពេលឆាប់ៗខាងមុខផងដែរ ។

លោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានថ្លែងកោតសរសើរ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលក្រុមនីមួយៗ ពិសេសភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនី ទាំងសមត្ថភាព និងបច្ចេកទេស ដែលជំរុញឲ្យការប្រកួតដំណើរការយ៉ាងរលូន មិនសូវមានការប៉ះទង្គិចគ្នាច្រើន ឬការប្រកែកគ្នា ដូចការប្រកួតឆ្នាំមុនៗឡើយ ។

លោកបានចាត់ទុកនេះ គឺជាជោគជ័យថ្មីមួយទៀត សម្រាប់វិស័យកីឡាបាល់ឱបកម្ពុជា ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាដៃគូសហការ ហើយលោករំពឹងថា ២ ទៅ ៣ខែខាងមុខ សហព័ន្ធនឹងរៀបចំការប្រកួតថ្មីមួយទៀត គឺការប្រកួតពានរង្វាន់ប្រធានសហព័ន្ធ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី និងក្រុមនីមួយៗ បានចូលរួម ក្នុងន័យជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើនថែមទៀត ។

លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្រុមចូលរួមសរុប ១៤ក្រុម ក្នុងនោះមានក្រុមធំចូលរួម ៤ក្រុម ក្រុមយុវជន ៨ក្រុម និងក្រុមនារី ២ក្រុម ។ ជាលទ្ធផលបច្ចេកទេស នៃការប្រកួតផ្នែកបុរសក្រុម Rihno ទទួលបានលេខ១, ក្រុម Sisiwat Knights ទទួលបានលេខ២ និងក្រុមក្របីព្រៃ ទទួលបានលេខ៣ ។ រីឯផ្នែកនារីក្រុម Childfund Reconnect ទទួលបានលេខ១ និងក្រុម បាត់ដំបងអេហ្វស៊ី ទទួលបានលេខ២ ៕