(តៃប៉ិ)៖ ក្រុមហ៊ុន និងជារោងចក្រផលិតនូវផលិតផលអេឡិចត្រូនិកពាក់កណ្ដាលសម្រេច Foxconn បានប្រកាសចាប់ដៃគូរជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងក្រុមហ៊ុនជាច្រើនទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រថយន្តអគ្គិសនីសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាញរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

Foxconn ដែលត្រូវបានគេស្គាល់ថា ជារោងចក្រផ្គត់ផ្គង់ និងផលិត iPhone ដ៏ធំរបស់ Apple បានពង្រឹងសកម្មភាពរបស់ខ្លួននៅក្នុងការផលិតរថយន្តអគ្គីសនី ដោយប៉ុន្មានឆ្នាំថ្មីៗនេះ បានសហការជាមួយ Fisker Inc ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីរបស់សហរដ្ធអាមេរិក និងក្រុមហ៊ុនផលិតថាមពល (ប្រេង) របស់ប្រទេសថៃ PTT PCL។

ដោយឡែកនៅពេលនេះ Foxconn បានឈានជើងមួយកម្រិតទៀត ដោយបាន ចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់វិសាលភាពធំទូលាយនៃការវិនិយោគលើរថយន្តអគ្គីសនី រួមទាំងការផលិតអាគុយជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីតាមរយ:ក្រសួងវិនិយោគ និងក្រុមហ៊ុនផ្គត់ផ្គង់ថាមពល PT Indika Energy ព្រមទាំងជាមួយក្រុមហ៊ុនលក់ម៉ូតូអគ្គិសនីតៃវ៉ាន់ Gogoro ផងដែរ។

ក្រុមហ៊ុន Foxconn បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចសហប្រតិបត្តិការដែលមានគោលបំណងកសាង «ប្រព័ន្ធអេកូថាមពលថ្មី» នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏រួមបញ្ចូលផងដែរនូវការអភិវឌ្ឍន៍នៃឧស្សាហកម្មគាំទ្រការផលិតអាគុយអគ្គីសនី ដូចជាប្រព័ន្ធផ្ទុកថាមពល ស្ថានីយ៍ផ្លាស់ប្តូរអាគុយ និងការកែច្នៃឡើងវិញ។

គួរជម្រាបផងដែរថា លោក Liu Young-way ដែលជាប្រធានក្រុមប្រឹក្សាភិបាល Foxconn បានបញ្ជាក់ថា ក្រុមហ៊ុន Foxconn មានគោលបំណងផ្តល់គ្រឿងបន្លាស់ និងសេវាកម្មដល់ទៅ ១០ភាគរយនៃរថយន្តអគ្គីសនីទូទាំងពិភពលោកនៅឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៧ ដោយប្តេជ្ញាថានឹងកាត់បន្ថយការផលិត និងការចំណាយផ្សេងទៀត សម្រាប់យកមកផ្គត់ផ្គង់ការផលិតរថយន្តអគ្គីសនី ជាមួយនឹងចំណេះដឹងផ្នែកដំឡើងរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំបំផុតរបស់ពិភពលោក៕