(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សប្បុរសធម៌ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា រដូវកាលទី១ ឆ្នាំ២០២១ បានបញ្ចប់ដោយជោគជ័យ ក្រោយទទួលបានការឧបត្ថម្ភគាំទ្រច្រើន ទាំងបេក្ខភាពចូលរួម និងសប្បុរសជន។ រីឯក្រុមជើងឯក គឺបានទៅក្រុមមហាហង្សអលស្ដារ ក្រោយយកឈ្នះក្រុម 7NG ដោយលទ្ធផល ១-០ នៅកីឡដ្ឋានស្ដាតចាស់កាលពីចុងសប្ដាហ៍កន្លងទៅ។

លោក ហួត គឹមងួន ស្ថាបនិកពានរង្វាន់សប្បុរសធម៌ខាងលើបានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ទទួលបានថវិកាសរុប ១៧,៦០៤ដុល្លារ ដែលទទួលបានការចុះឈ្មោះរបស់ក្រុមនីមួយៗ និងសប្បុរសជននានា ហើយថវិកាទាំងអស់ គណៈកម្មការរៀបចំនឹងយកទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាទាំងអស់តែម្ដង។

ក្នុងនាមគណៈកម្មការរៀបចំ លោកបានបង្ហាញនូវក្ដីរីករាយជាខ្លាំង ដែលការប្រកួតរដូវកាលទី១ នេះ ទទួលបានការគាំទ្រយ៉ាងផុលផុស ក្រោមស្មារតីប្រកួតកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងផ្សាភ្ជាប់ជាមួយការងារសង្គម។ លោកសង្ឃឹមថា ការប្រកួតរដូវកាលក្រោយៗ នឹងមានការចូលរួមឧបត្ថម្ភគាំទ្រកាន់តែច្រើនថែមទៀត។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងធំៗ៣ ទី១-ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីកុមារកម្ពុជា។ ទី២-ចែករំលែកនូវវប្បធម៌ជួយការងារសង្គម ក៏ដូចជាឲ្យយុវជនងាកមករកការធ្វើការងារសង្គម និងលេងកីឡា ចៀសវាងការយកពេលវេលាទៅប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើម និងទី៣-ដើម្បីរំឭកគុណលោកវេជ្ជបណ្ឌិត Beat Richner ដែលលោកបានពលីជីវិតសម្រាប់កុមារកម្ពុជា។ លោក ហួត គឹមងួន បន្ថែម។

គួរដឹងថា ការប្រកួតពានរង្វាន់សប្បុរសធម៌ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផានេះ បានចាប់ផ្ដើមការប្រកួតតាំងពីដើមខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ដោយមាន ១០ក្រុមចូលរួម ជាមួយរូបមន្ដប្រកួតសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុមមានន័យថា ក្រុមលេខ១ ដល់លេខ៤ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ តែក្រុមជយលាភី គឺពុំទទួលបានប្រាក់រង្វាន់នោះទេ ពោលគឺទទួលបានតែពានអនុស្សាវរីយ៍ប៉ុណ្ណោះ។

ចំពោះលទ្ធផលបច្ចេសនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រសម្រាប់គូដណ្ដើមឯក គឺក្រុមមហាហង្សអលស្ដារ បានក្លាយជាម្ចាស់ពានសប្បុរសធម៌ រដូវកាលទី១ ក្រោយយកឈ្នះក្រុម 7NG ដោយលទ្ធផល ១-០ ខណៈក្រុមបាល់ទាត់ហនុមាន នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុម 12 Happy ដោយលទ្ធផល ៥-១៕