(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ទៅបោះជំរំហ្វឹកហាត់ នៅប្រទេសអ៊ីរ៉ង់ នាពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដើម្បីពង្រឹងសមត្ថភាពឈានទៅរកកម្រិតខ្ពស់ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC រូបនេះបានបញ្ជាក់ថា អ៊ីរ៉ង់ គឺជាប្រទេសលំដាប់កំពូលមួយ នៃប្រភេទកីឡាចំបាប់លើពិភពលោក ដែលម្ចាស់ជើងឯកពិភពលោកប្រមាណ ៦០ ទៅ ៧០% គឺជាអត្តពលិកអ៊ីរ៉ង់។ ការណ៍នេះហើយដែលសហព័ន្ធបានខិតខំទំនាក់ទំនង ដើម្បីបានបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់ ក៏ដូចជាការប្រកួតនៅទីនោះ។

តាមរយៈនេះលោកបានធ្វើការជំរុញ និងលើកទឹកចិត្តឲ្យអត្តពលិកជម្រើសជាតិចំបាប់កម្ពុជា ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ ទាំងស្មារតី និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការស៊ូទ្រាំ ទាំងការឃ្លាតឆ្ងាយពីមាតុភូមិ ក៏ដូចជាស៊ូទ្រាំជាមួយការឈឺចាប់ ដើម្បីអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសរបស់ខ្លួនឲ្យឈានដល់កម្រិតខ្ពស់។

លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា «ប្រសិនបើស៊ូទ្រាំនឹងការឈឺចាប់អត់បាន គឺទៅមិនរួចទេ សម្រាប់ប្រភេទកីឡាចំបាប់។ នេះជាចំណុចសំខាន់ ដែលកីឡាករចំបាប់ត្រូវឆ្លងកាត់។ ក្រោយការហ្វឹកហាត់នៅអ៊ីរ៉ង់ នៅដើមខែឧសភា ឆ្នាំ២០២២ ត្រូវត្រឡប់មកវិញ ត្រៀមចូលរួមប្រកួតប្រជែងមេដាយក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម ហើយនេះជាហ្គេមយុទ្ធសាស្ត្រ ក្នុងការវាស់ស្ទង់នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាយើង»

ប្រមុខសហព័ន្ធដដែលបន្ដថា ក្នុងឆ្នាំ២០២២ នេះការហ្វឹកហាត់ និងការប្រកួតអន្ដរជាតិ ត្រូវបង្កើនឲ្យបានច្រើន ដើម្បីជាក្តីសង្ឃឹមឲ្យកាន់តែមុតមាំ ត្រៀមដណ្តើមមេដាយជូនជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។ ហេតុនេះ កីឡាករ-កីឡាការិនី គ្រូបង្វឹក និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានការប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីឲ្យវាសនាកីឡាចំបាប់ ក្លាយជាកីឡាមួយនាំមកនូវកិត្តិយសជូនជាតិ ដ្បិតមហិច្ឆតាសហព័ន្ធបានដាក់គោលដៅដណ្ដើមមេដាយមាសយ៉ាងតិច ៣គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះ។

សម្រាប់ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ខាងលើវិញ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៤៥នាក់ ដែលប្រកួតលើ ១១វិញ្ញាសា។ ចំពោះលទ្ធផលនៃការប្រកួតក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៦គ្រឿង (មាស ៩, ប្រាក់ ៧ និងសំរឹទ្ធ ១០) ខណៈក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស ២, ប្រាក់ ៣ និងសំរឹទ្ធ ៨) និងក្លិបគិរីបារមីដំរីមានរិទ្ធ ឈរលេខ៣ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៣គ្រឿង៕