(ភ្នំពេញ)៖ អតិថិជននិងអ្នកគាំទ្រផលិតផលខ្មែររាប់ពាន់នាក់ ត្រូវបានរំពឹងថានឹងចូលរួមក្នុងពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងរៀបចំធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការតាំងពិព័រណ៍ក្នុងខេត្តសៀមរាប ដែលមានការតាំងបង្ហាញផលិតផលខ្មែរជាច្រើន ដោយក្រុមហ៊ុនផលិតក្នុងស្រុក។

យោងតាមក្រុមហ៊ុន Beyond Retail Business Cambodia ដែលកំពុងរៀបចំពិព័រណ៍នេះ ក្នុងនាមឲ្យសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពមួយ ក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានអ្នកទស្សនារាប់ពាន់នាក់ ដែលបានចូលរួមក្នុងពិពិរណ៍នេះ ដែលបានរៀបចំធ្វើឡើងនៅអង្គរប៉ាវីស ក្នុងទីក្រុងសៀមរាប ពីថ្ងៃទី៨ ដល់ទី៩ ខែមករា ឆ្នាំ២០២២។

អ្នកទស្សទាកាន់តែច្រើនថែមទៀត ត្រូវបានរំពឹងថា នឹងចូលរួមក្នុងពិព័រណ៍នាពេលខាងមុខនេះ ក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែមករា។

កញ្ញា ច័ន្ទ សីមា ប្រធានគម្រោងនៃក្រុមហ៊ុន Beyond Retail Business Cambodia ដែលទទួលខុសត្រូវ លើការរៀបចំពិព័រណ៍នេះ បានថ្លែងថា «យើងស្ងើចសរសើរជាខ្លាំង ចំពោះចំណាប់អារម្មណ៍ និងការគាំទ្រផលិតផលខ្មែរ និងក្រុមហ៊ុនផលិតខ្មែរនៅសៀមរាប»

កញ្ញា ច័ន្ទ សីមា បន្ដថា «អ្នកដែលចូលមកមើលស្តង់ និងហាងទំនិញមានការចាប់អារម្មណ៍ខ្លាំង ហើយក៏ភ្ញាក់ផ្អើលផងដែរ ដោយសារផលិតផលខ្មែរ ដែលបានតាំងបង្ហាញមានគុណភាពខ្ពស់។ ប្រជាជនកម្ពុជាភាគច្រើន ស្ងើចសរសេរចំពោះផលិតផលស្តង់ដារខ្ពស់បែបនេះ ដែលក្រុមហ៊ុនផលិតខ្មែរ អាចផលិតបាន»

ពិព័រណ៍នៅរាជធានីភ្នំពេញលើកទី១ នឹងធ្វើឡើងនៅថ្ងៃទី២៩ និង៣០ ខែមករានៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលនឹងមានការតាំងបង្ហាញផលិតផលតុបតែងផ្ទះ និងផលិតផលម៉ូដ និងគ្រឿងតុបតែង ហើយផលិតផលសុខុមាលភាព និងផលិតផលម្ហូបអាហារ នឹងតាំងបង្ហាញនៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈ។

ពិព័រណ៍ផ្សេងៗទៀត គ្រោងនឹងធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ ដែលនឹងមានការតាំងបង្ហាញផលិតផលសុខុមាលភាព និងផលិតផលម្ហូបអាហារ ហើយផលិតផលតុបតែងផ្ទះ និងផលិតផលម៉ូដនិងគ្រឿងតុបតែងនឹងត្រូវបានតាំងបង្ហាញនៅថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ។

កញ្ញា ច័ន្ទ សីមា បានបន្ថែមថា «ដោយផ្អែកលើកសន្ទុះនៃការចូលរួម ដែលយើងបានមើលឃើញ ក្នុងពិព័រណ៍ក្នុងខេត្តសៀមរាប យើងរំពឹងថា អ្នកទស្សនា និងអ្នកប្រើប្រាស់នៅភ្នំពេញ នឹងកោតសរសើរផលិតផល និងក្រុមហ៊ុនផលិតខ្មែរដូចគ្នាដែរ»

ផលិតផលដែលរំពឹងថា នឹងត្រូវយកមកតាំងបង្ហាញ រួមមានសម្លៀកបំពាក់ និងគ្រឿងតុបតែងសម្លៀកបំពាក់ សាប៊ូនិងប្រេងផលិតក្នុងស្រុក ព្រមទាំងម្ហូបអាហារ ផលិតក្នុងស្រុក និងផលិតផលកសិកម្ម។

ដោយសារមានការគាំទ្រខ្លាំង ពីអង្គរប៉ាវីស ក្រុមហ៊ុន ជីប ម៉ុង រីថែល និងធនាគារ ជីប ម៉ុង ពិព័រណ៍នេះ នឹងបង្ហាញបទពិសោធដ៏អស្ចារ្យអំពីផលិតផលខ្មែរ។

យោងតាមក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតកម្ពុជាដែលមានបំណងចង់រួមក្នុងការតាំងបង្ហាញផលិតផលនេះ ចាំបាច់ត្រូវបំពេញលក្ខណៈវិនិច្ឆ័យមួយចំនួន រួមទាំងការធ្វើតេស្ដទាក់ទងនឹងប្រភពដើម និងគុណភាពផលិតផលផងដែរ។

ក្រុមហ៊ុនដែលចង់ចូលរួម ក៏នឹងតម្រូវឲ្យផ្ដល់ព័ត៌មានអំពីការទទួលខុសត្រូវផ្នែកក្រមសីលធម៌របស់ក្រុមហ៊ុនផលិតផងដែរ។

ក្រុមហ៊ុនផលិតកម្ពុជាណាមួយដែលមានបំណងចង់ដាក់ពាក្យចូលរួមក្នុងដំណើរការទទួលការជ្រើសរើសដើម្បីបានតាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួន អាចធ្វើការទាញយក និងដាក់ពាក្យសុំតាមរយៈតំណភ្ជាប់នេះ https://forms.gle/v89G3maFY1E6yn7Z8

ក្រុមហ៊ុន ជីប ម៉ុង និងអង្គរប៉ាវីស គឺជាអ្នកឧបត្ថម្ភពិព័រណ៍ «មោនទភាពកម្ពុជា» នេះ៕