(ភ្នំពេញ)៖ កីឡាករវាយកូនគោលជំនាញ និងមធ្យមដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ដើម្បីអបអរសាទរខួបលើកទី១២ របស់ទីលាន ស៊ីធីហ្គោល នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញ បានបង្ហាញអារម្មណ៍សប្បាយរីកដោយម្នាក់ៗបង្ហាញការគាំទ្រចង់ឱ្យបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានញឹកញាប់ ដើម្បីឱ្យពួកគេបានអភិវឌ្ឍសមត្ថភាព។

ខណៈពិធីបិទបានធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងមានការចូលរួមពីសំណាក់មន្ដ្រីរាជការ អ្នកជំនួញ និងសាធារណជនទូទៅផងដែរ។

សម្រាប់ដំណើរការរៀបចំការប្រកួតនេះ ក៏បានការចូលរួមឧបត្ថម្ភពីសំណាក់ហាង មាសពេជ្រ «ហេង ហេង» ព្រមទាំងបណ្តាលលក្រុមហ៊ុនឯកជនមួយចំនួនទៀត។

កីឡាករ អ៊ុក ស៊ីវត្ថា ដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងក្រុមកម្រិត B បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍របស់ទីលានកីឡាវាយកូនគោលស៊ីធីហ្គោល ពិតជាល្អខ្លាំងណាស់ ព្រោះការប្រកួតបានបែងចែកជា២កម្រិត ដែលក្រុមកម្រិត A ជាកីឡាករជំនាញប្រកួតដោយក្រុមកីឡាករជំនាញ និងក្រុមកម្រិត B ជាកីឡាករដែលស្ថិតនៅក្នុងកម្រិតធម្យមប្រកួតជាមួយកម្រិតមធ្យមដូចគ្នា ការរៀបចំបែបនេះ វាជាការផ្តល់ឱកាសឱ្យកីឡាករកម្រិតមធ្យមបានពង្រឹងសមត្ថភាព ដើម្បីក្លាយជាកីឡាករវាយកូនគោលកម្រិតជំនាញនៅពេលខាងមុខ។

កីឡាកររូបនេះ បានបញ្ជាក់ទៀតថា ការរៀបចំដោយបែងចែកបែបនេះ វាជាកក្តាមួយជួយបំផុសឱ្យមានកីឡាករវាយកូនគោលចូលរួមក្នុងវិស័យកីឡាមួយនេះកាន់តែច្រើន។

ដោយឡែក កីឡាករ មួន បញ្ញា ដែលប្រជែងបានចំណាត់លេខ១ ក្នុងក្រុមកម្រិត A ដែលជាពានរង្វាន់លើកដំបូងរបស់ខ្លួន បានលើកឡើងថា គេមានក្តីរំភើបយ៉ាងខ្លាំងចំពោះលទ្ធផលដែលទទួលបាននាពេលនេះ ហើយលទ្ធផលជ័យលាភីនេះនឹងជំរុញលើកទឹកចិត្តឱ្យគេកាន់តែខំប្រឹងបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករកូនគោលម្នាក់លេចធ្លោនៅកម្ពុជា។

លោក លី គា អ្នកចាត់ការទូទៅ ទីលានស៊ីធីហ្គោល បានបញ្ជាក់ថា ការប្រកួតកីឡាវាយកូនហ្គោលអបអរសាទរខួបលើកទី១២ នៃការបង្កើតទីលានស៊ីធីហ្គោល ក្នុងឆ្នាំ២០២២នេះ កំណើនកីឡាករ កីឡាការិនី ចូលរួមប្រកួតមានចំនួនច្រើនទាំងកីឡាករជាតិ និងអន្តរជាតិមានចំនួនរហូតដល់ ១២៦នាក់ ដែលចំនួនចូលរួមនេះ បានសបព្ជាក់ឱ្យឃើញថា កីឡាវាយកូនគោលនៅកម្ពុជាកំពុងតែរីកចំរើន។ ទាំងអស់នេះក៏ជាការរួមចំណែកមួយផ្នែកពីទីលានស៊ីធីហ្គោលផងដែរ។ ពីព្រោះទីលានបានបង្កើតព្រឹត្តិការណ៍ប្រកួតច្រើនផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីថ្មីៗ មានឱកាសចូលរួមប្រកួតដកស្រង់បទពិសោធន៍ និងបញ្ចេញសមត្ថភាព ជាពិសេសស៊ីធីហ្គោល ក៏ជាទីលានមួយទទួលកីឡាករកីឡាការិនីថ្មីហ្វឹកផងដែរ។

លោកឧកញ៉ា ឈុន អូន ម្ចាស់ទីលាន ស៊ីធីហ្គោល បានថ្លែងថា ទីលានស៊ីហ្គោលបង្កើតព្រឹត្តិការណ៍ប្រកួតនេះឡើងក្នុងគោលបំណងបង្កើតការជួបជុំជូនកីឡាករ កីឡាការិនីទាំងថ្មីទាំងចាស់ទាំងក្មេងបានជួបប្រកួតគ្នាសប្បាយរីករាយ ទទួលបានសុខភាពល្អ បង្កើតបានជាទំនាក់ទំនងមិត្តភាព សាមគ្គីភាពកាន់តែប្រសើរ។

លោកឧកញ៉ា បានបញ្ជាក់ថា ទីលានស៊ីធីហ្គោល គឺជាទីលានកីឡាវាយកូនគោលមួយបង្កើតឡើងក្នុងចក្ខុវិស័យចូលរួមចំណែកផលិតធនធានកីឡាករ កីឡាការិនីជូនកម្ពុជា ដើម្បីឱ្យវិស័យកីឡាមួយនេះកាន់តែផុសផុលដូចបណ្តាប្រទេសនានា ពិសេស គឺ ចូលរួមចំណែកទ្រទ្រុងដល់វិស័យទេសចរណ៍ តាមរយៈការផ្តល់កន្លែងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកហ្វឹកហាត់ និងប្រកួតកម្សាន្ត។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា បានថ្លែងអំណរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងកីឡាករកីឡាការិនីទាំងជាតិ និងអន្តរជាតិដែលបានចូលរួមប្រកួតបង្កលក្ខណៈធ្វើឱ្យព្រឹត្តិការណ៍ប្រកួតបានប្រព្រឹត្តិទៅដោយភាពអធិកអធមសប្បាយរីករាយ។

លោកឧកញ៉ា ឈុន អូន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជួយឧបត្ថម្ភគាំទ្រធ្វើឱ្យការប្រកួតអាចដំណើរការទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ បើគ្មានការគាំទ្រពីបណ្តាដៃគូក្រុមហ៊ុនសហការនោះទេ ការប្រកួតក៏មិនអាចដំណើរការបានជោគជ័យដូចនេះដែរ។

ឆ្លងកាត់ការប្រកួតអស់ពេញមួយថ្ងៃពេញជាលទ្ធផលចំណាត់ថ្នាក់លេខកីឡាករក្រុមកម្រិត B ចំណាត់ថ្នាក់លេខ១ បានទៅលើ កីឡាករ អ៊ុក ស៊ីវត្ថា។ ចំណែកលេខ១ កម្រិត A ចំណាត់លេខ១ បានទៅលើកីឡាករ មួន បញ្ញា។ ចំណាត់លេខ២ កម្រិត B បានទៅលើកីឡាករ Taing Bunse ចំណាត់លេខ២ កម្រិត A គួន សារឿន។ចំណាត់ថ្នាក់លេខ៣ កម្រិតBបានទៅលើកីឡាករ ឈឿន ទី (Chhoun Ty) និងចំណាត់ថ្នាក់លេខ៣កម្រិត A បានទៅលើកីឡាករ ម៉ុន សុខជា៕