(ភ្នំពេញ)៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជាក់ថា កីឡាករ-កីឡាការិនី ដែលដណ្ដើមបានជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិ អាចនឹងត្រូវបានជ្រើសរើសឲ្យជាប់ជម្រើសជាតិ ឆ្នាំ២០២២ ដើម្បីពង្រឹងការហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ការគូសបញ្ជាក់របស់ប្រមុខសហព័ន្ធខាងលើ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញ នៅទីបញ្ជាដ្ឋានកងទ័ពពិសេសឆ័ត្រយោង ៩១១ ។

លោកបានវាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលមានការចាប់អារម្មណ៍ និងចុះឈ្មោះចូលរួមយ៉ាងច្រើន តែត្រូវបានសហព័ន្ធកំណត់ចំនួនសមល្មមមួយ ដើម្បីងាយស្រួលគ្រប់គ្រង និងបង្ការការរីករាលដាលជំងឺកូវីដ-១៩ ។ ក្រោយឆ្លងកាត់ការប្រកួត ២ថ្ងៃ លោកបានមើលឃើញពីភាពរីកចម្រើន ទាំងសមត្ថភាព និងបច្ចេកទេស ហើយអ្នកដណ្ដើមបានជ័យលាភី នឹងត្រូវបានពិនិត្យ ដើម្បីជ្រើសរើសឲ្យជាប់ជម្រើសជាតិទៀតផង ។

លោកបន្ដថា កីឡាករ-កីឡាការិនីឆ្នើមៗ ដែលដណ្ដើមបានជយលាភី ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធនឹងធ្វើការជ្រើសរើសឲ្យជាប់ជម្រើសជាតិ ឆ្នាំ២០២២ ដើម្បីហ្វឹកហាត់បំប៉នបន្ថែមជាមួយគ្រូជំនាញរបស់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា គឺស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតអន្ដរជាតិផ្សេងៗទៀត ។

តាមរយៈលោកបានស្នើឲ្យកីឡាករ-កីឡាការិនីទាំងអស់ ពិសេសអ្នកដណ្ដើមបានជយលាភីថ្នាក់ជាតិ ត្រូវខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យបានខ្លាំង ដើម្បីត្រៀមការប្រកួតប្រជែង និងដណ្តើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣ ជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ។ លោក មៀច សុផាន់ណា បន្ថែម ។

គួរដឹងថា ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៤៤នាក់ ។ ចំពោះលទ្ធផលនៃការប្រកួត សម្រាប់ វិញ្ញាសាកាំភ្លើងខ្លី ៩ មីលីម៉ែត្រ លេខ១ កីឡាករ វុធថា ដាវណ្ណ លេខ២ កីឡាករ អាន កក្កដា និងលេខ៣ កីឡាករ ថាវវៈ ម៉ារ៉ាឌី ។ វិញ្ញាសាកាំភ្លើងវែង ២២ឡុង ៥០ម៉ែត្រ លេខ១ កីឡាករ ប៉ុក សុផាន់ណូ លេខ២ កីឡាករ ស៊ីម សែន និងលេខ៣ កីឡាករ ឡាង ចាន់ធារ៉ា ៕