(អាមេរិក)៖ កម្មវិធី WhatsApp កាលពីចុងឆ្នាំ២០២១ បានបន្តកិច្ចខិតខំអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែទំនើប និងបំពេញតាមតម្រូវការបស់ អ្នក ប្រើប្រាស់ ខណ:ដែលមានអ្នកប្រើមួយចំនួនបានងាកទៅប្រើកម្មវិធីផ្សេងក៏ដោយ។ ដោយឡែកនៅពេលនេះ ត្រូវបានគេរាយការណ៍មកថា WhatsApp គ្រោងដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយទៀតដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលមានទូរស័ព្ទដៃពីរ ឬច្រើន និង ប្រើប្រព័ន្ធដំណើរការផ្សេងគ្នា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កម្មវិធី WhatsApp បង្កើតមុខងារ ថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើអាចធ្វើការ transfer chat ពីទូរស័ព្ទដៃដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ទៅកាន់ទូរស័ព្ទដៃ ប្រើប្រាស់ ប្រព័ន្ធដំណើរការ iOS។

ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា WhatsApp ត្រៀមចេញ beta version នៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយអនុញ្ញាតឱ្យ អ្នកប្រើ ធ្វើការសាកល្បងនូវមុខងារថ្មីនេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា មុខងារនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅជុំវិញពិភពលោក ឬមួយនៅតែតាមបណ្ដា ប្រទេសមួយចំនួននោះទេ។

គួរបញ្ជាក់ផងដែរថា WhatsApp បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ transfer chat ពី ទូរស័ព្ទដៃប្រើ iOS ទៅកាន់ ទូរស័ព្ទដៃ Samsung កាលពីខែកញ្ញាកន្លងទៅនេះ និងពី iOS ទៅកាន់ទូរស័ព្ទដៃ Google Pixels និងទូរស័ព្ទដៃប្រើ Android ចំនួន ១២ម៉ូដែលផ្សេងទៀត ហើយ សង្ឃឹមថា ដំណឹងមួយនឹងក្លាយជាការពិតឆាប់ៗ៕