(ភ្នំពេញ)៖ បវរកញ្ញា៤ជំនាន់បានជួបជុំគ្នា បង្អួតសម្រស់ដ៏ទាក់ទាញ ជាមួយនឹងរូបរាងដ៏ស្រឡូនគួរជាទីចាប់អារម្មណ៍។ អ្វីដែលពិសេស បវរកញ្ញាម្នាក់ៗ គឺមានភាពលេចធ្លោររៀងៗខ្លួន អមដោយគ្រឿងពេជ្រភ្លឺចែងចាំង ខណៈជំនួបនេះ បានផ្ដោតសំខាន់លើការចែករំលែកបទពិសោធន៍ប្រកួតនៅក្រៅប្រទេស ព្រមទាំងឲ្យឲ្យបវរកញ្ញាទាំង៤រូប បង្ហាញស្នាមអនុស្សាវរីយ៍ខ្លួនទាំងនៅក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមការជួយ ជ្រោមជ្រែងពី លោក ចិន សំណាង ម្ចាស់ ហាងពេជ្រ CSNJ លោក ចិន សំណាង ដើម្បីជួយ លើកកម្ពស់វិស័យបវរកញ្ញានៅកម្ពុជាឱ្យកាន់តែ លេចធ្លោបន្ថែមទៀត លើឆាកអន្តរជាតិ ។

បវរកញ្ញាចក្រវាឡទាំង៤ជំនាន់ដូចជា កញ្ញា រឿន ណាត, កញ្ញា សំណាង អេលីណា, កញ្ញា រ៉េត ហ្សារីតា, និងកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញបទពិសោធមន៍ និងអនុស្សសាវរីយ៍រៀងៗខ្លួន។ ប៉ុន្ដែដែលអ្នកចូលរួមចាប់អារម្មណ៍ខ្លាំងនោះ គឺបវរកញ្ញារាងតូចច្រឡឹងទាំង៤រូប បានបង្ហាញភាពជោគជ័យរបស់ខ្លួនលើ វិថីសិល្បៈលើសពីការរំពឹងទុក ក្រោយពីបានគ្រងមកុដតំណាងជាតិ។

បវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និយាយថា ដំបូងឡើងកញ្ញា ត្រឹមជាពិធីការិនី និងសម្ដែងក្នុងស្ពតពាណិជ្ជកម្មម្ដងម្កាល ប៉ុន្ដែបច្ចុប្បន្នកញ្ញាមានមុខមានមាត់ក្នុងសង្គមសិល្បៈ រហូតទទួលបានការងារសិល្បៈជាច្រើនទាំងការងារថតខ្សែភាពយន្ដ និងថតស្ពតពាណិជ្ជកម្ម។

កញ្ញា រឿន ណាត និយាយាថា «អ្វីដែលនាងខ្ញុំចងចាំបំផុត គឺថ្ងៃជួបជុំប្រកួតជាមួយប្រទេសដទៃៗ ហើយយើងបានចែករំលែកបទពិសោធន៍គ្នា បង្ហាញពីប្រពៃណីគ្នាទៅវិញទៅមក ហើយខ្ញុំបានយល់កាន់តែច្បាស់ពីប្រពៃណីរបស់យើង និងជាតិសាសន៍ដទៃកាន់តែច្បាស់ តាមរយៈឈុតស្លៀកពាក់របស់គាត់»

ចំណែកនាយកប្រតិបត្ដិក្រុមហ៊ុន CIM និងជាអ្នករៀបចំកម្មវិធី «Miss Universe Cambodia» លោក ម៉ែន និមលរតន៍ លើកឡើងថា នេះជាឱកាសមិនធ្លាប់មានសម្រាប់បវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់ ជួបជជែកគ្នា ដើម្បីចែករំលែកបទពិសោធន៍ និងអនុស្សវរីយ៍ទៅកាន់អ្នកបេក្ខភាពតំណាងកម្ពុជាសម្រាប់ឆ្នាំក្រោយទៀតៗ ព្រមទាំងប្រាប់ទៅកាន់អ្នកគាំទ្រពួកគេ តាមរយៈការ Live ផ្ទាល់របស់ «Page Miss Universe Cambodia» និងតាមបណ្ដាញសារព័ត៌មានជាច្រើនទៀត។

បើតាមលោក ម៉ែន និមលរតន៍ ម្ចាស់មកុដតំណាងជាតិទាំង៤រូប នឹងចូលរួមយ៉ាងសកម្មជាមួយកម្មវិធីលើកក្រោយៗទៀត ជាពិសេសពួកគេនឹងធ្វើជាគណៈកម្មការជ្រើសរើសបេក្ខភាពក្រោយៗទៀត៕