(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធសញ្ជាតបារាំងរបស់ក្លិប Real Madrid កីឡាករ Karim Benzema គឺជាជនរងគ្រោះនៃអំពើចោរប្លន់ នៅឯផ្ទះរបស់លោក អំឡុងពេលដែលលោកកំពុងប្រកួត ប៉ះជាមួយក្រុម Elche នៅកីឡដ្ឋាន Santiago Bernabeu កាលពីថ្ងៃអាទិត្យ, នេះបើតាមការឲ្យដឹងពីប៉ូលិស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។

ប៉ូលិស បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅចម្លោះម៉ោង៣រសៀល ទៅម៉ោង៧ល្ងាច (ម៉ោងក្នុងតំបន់) នៅឯផ្ទះគ្មានមនុស្សនៅរបស់កីឡាករ ស្ថិតនៅទីក្រុង San Sebastian de los Reyes ជាយក្រុង Madrid មុនពេលដែល Benzema និងគ្រួសាររបស់លោក វិលត្រឡប់ទៅវិញ ពីការប្រកួតលីគ LaLiga ក្នុងលទ្ធផលស្មើ២-២។

ប៉ូលិសបន្ថែមថា ពួកគេកំពុងធ្វើការស៊ើបអង្កេត ថាតើហេតុការណ៍នេះ មានការជាប់ពាក់ព័ន្ធ ជាមួយនឹងការប្លន់លើ Benzema កាលពីខែកុម្ភៈ ឆ្នាំ២០១៩ នៅឯផ្ទះរបស់លោក អំឡុងពេលការប្រកួតប៉ះនឹងក្រុម Barcelona ដែរឬយ៉ាងណា។

មិនមានព័ត៌មាន ស្តីពីតម្លៃនៃវត្ថុ ដែលត្រូវបានចោរលួចយកទៅនោះទេ។

គួរជម្រាបថា នេះមិនមានជាករណីលើកទី១នោះទេ ដែលបានកើតឡើងចំពោះកីឡាករនៅអឺរ៉ុប។ កាលពីខែធ្នូ, ខ្សែការពារ Manchester City និង Benfica កីឡាករ Joao Cancelo និងកីឡាករ Nicolas Otamendi ក៏បានក្លាយជាជនរងគ្រោះ ដែលត្រូវបានចោរប្លន់ នៅឯផ្ទះរបស់ពួកគេដាច់ដោយឡែកពីគ្នា នៅអង់គ្លេស និងព័រទុយហ្គាល់ផងដែរ។

នៅឯអេស្ប៉ាញវិញ, កីឡាករ Gerard Pique និង Ansu Fati ក៏បានក្លាយជាជនរងគ្រោះ នៃអំពើចោរប្លន់ នៅឯផ្ទះរបស់ពួកគេផងដែរ នៅអំឡុងពេលការប្រកួត របស់ក្លិប Barcelona៕