(ប៊ីសខេក)៖ អត្តពលិក Maxim Gordeyev នឹងប្រកួតជិះស្គីលើទឹកកក តំណាងឲ្យប្រទេសកៀហ្ស៊ីស៊ីស្ថាន នៅឯព្រឹត្តិការណ៍ 2022 Olympic Winter Games ដែលនឹងធ្វើឡើងនៅទីក្រុង Beijing, នេះបើតាមការឲ្យដឹង ពីគណៈកម្មាធិការអូឡាំពិកកៀហ្ស៊ីស៊ីស្ថាន ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។

Gordeyev ធ្លាប់បានចូលរួមប្រកួត នៅឯព្រឹត្តិការណ៍ពានរង្វាន់ជើងឯកពិភពលោក ចំនួន៣លើក, ប្រកួតពានរង្វាន់ Universiades ចំនួន២លើក និងព្រឹត្តិការណ៍ដទៃទៀត ដែលស្ថិតក្រោមការរៀបចំឡើង ដោយសហព័ន្ធកីឡាស្គីអន្តរជាតិ។

បន្ថែមពីលើអត្តពលិក Gordeyev និងគ្រូបណ្តុះបណ្តាលរបស់លោក គឺលោក Igor Borisov, ប្រតិភូកីឡាកៀហ្ស៊ីស៊ីស្ថាន នៅឯព្រឹត្តិការណ៍អូឡាំពិកនេះ នឹងរួមមានទាំងនាយបេសកជន Cholpon Zhumagazieva ផងដែរ។ បន្ថែមពីនោះទៀត, ស្របតាមការអញ្ជើញរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ, ប្រធានគណៈកម្មាធិការអូឡាំពិកកៀហ្ស៊ីស៊ីស្ថាន លោក Sadyr Mamytov និងអគ្គលេខាធិការ Kylychbek Sarbagishev ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡារដូវរងានេះដែរ។

សូមជម្រាបថា Beijing Winter Olympics នឹងរៀបចំឡើង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈខាងមុខ, ដោយអត្តពលិក Gordeyev នឹងប្រកួតនៅថ្ងៃទី១៦ ខែកុម្ភៈ៕