(ភ្នំពេញ)៖ មហាជនមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសអ្នកគាំទ្រតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បន្ទាប់ពីឃើញតារាស្រីរូបនេះបញ្ចប់ការសិក្សានៅមហាវិទ្យាល័យដោយជោគជ័យលើមុខជំនាញ «គ្រប់គ្រងពាណិជ្ជកម្ម» ត្បិតថា ទោះការងារសិល្បៈមមាញឹកយ៉ាងណា តែនាងមិនបោះបង់ចោលការសិក្សាឡើយ។ ប្រការនេះ រ៉េត ស៊ូហ្សាណា ក៏បានបញ្ជាក់ថា រៀនផង ធ្វើការផងមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែដោយសារមានមនុស្សពិសេសនៅក្រោយខ្នងទើបធ្វើឲ្យនាងជោគជ័យដូចពេលនេះ។

តាមរយៈរូបភាពទទួលសញ្ញាបត្រជាច្រើនសន្លឹកបង្ហោះលើបណ្តាញសង្គម តារាចម្រៀងរូបនេះបានឲ្យដឹងយ៉ាងដូច្នេះថា «រៀនផង ធ្វេីការផងក្នុងពេលតែមួយ មិនមែនជារឿងងាយស្រួលទេ….តែពេលនេះខ្ញុំអាចធ្វេីបានហេីយ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៤ឆ្នាំ។ ខ្ញុំបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Raffles international college majoring in business management»

នេះប្រៀបបានជាការជោគជ័យមួយកម្រិតទៀត របស់តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ចំពោះការសិក្សា តែយ៉ាងណាបើគ្មានមនុស្សពិសេសនៅក្រោយខ្នង នាងក៏មិនមានកំលាំងចិត្តធ្វើឲ្យជោគជ័យដែរ។ អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី២ រូបនេះបានបន្តថា «នៅពីក្រោយភាពជោគជ័យមួយនេះ គឺមានអ្នកមានគុណទាំងពីរ ដែលតែងតែផ្តល់ជាកម្លាំងចិត្ត នឹងភាពកក់ក្តៅ កូនអាចសម្រេចបានហេីយ ថ្ងៃដែលអ្នកមានគុណចង់ឃេីញ…កូនអាចពាក់អាវនេះហេីយណា។ ខ្ញុំអាចធ្វេីបានអ្នកទាំងអស់គ្នាក៏អាចធ្វេីបាន.. ។ហេីយអរគុណបងប្អូនទាំងអស់គ្នាសំរាប់ពាក្យជូនពរ»

 គួរជម្រាបថា កញ្ញា រ៉េត ស៊ូហ្សាណា ដែលពន្លកខ្លួនចេញជាតារាចម្រៀងល្បីល្បាញ តាមរយៈចូលរួមប្រឡងក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ រហូតមកទល់នឹងបច្ចុប្បន្ននេះ ត្រូវបានគេសង្កេតឃើញថា កាន់តែមានភាពល្បីល្បាញជាលំដាប់ ត្បិតតារារូបនេះមានទេពកោសល្យផ្នែកចម្រៀងយ៉ាងល្អ ពោលគឺមិនត្រឹមតែអាចច្រៀងជាភាសាខ្មែរនោះទេ គឺនាងអាចបកស្រាយចម្រៀងជាភាសាអង់គ្លេសបានយ៉ាងពីរោះថែមទៀតផង។ ក្រៅពីធ្វើជាតារាចម្រៀង រ៉េត ស៊ូហ្សាណា ត្រូវបានគេដឹងថា ត្រូវប៉ាន់ខ្លាំងលើការថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនម៉ាក់ល្បីៗនានាក្នុងប្រទេសផងដែរ៕