(ភ្នំពេញ)៖ នាថ្ងៃពុធ ទី២៦ ខែមករា ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន៥ ផ្តល់នូវឱកាសការងារជាង ៧៣៦កន្លែងជូនដល់សិស្ស\និស្សិត យុវជន អ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី «វេទិកាការងារ»។

ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុងកម្មវិធីវេទិកាការងារចុងខែមករា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ សណ្ឋាគារភ្នំពេញ, ក្រុមហ៊ុន Metfone, ធនាគារឯកទេស AEON, ធនាគារ ហត្ថា ម.ក, EFG ( Express Food Group ) Co.,ltd ។

បើតាមលោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀបចំព្រឹត្តិការណ៍ នេះបានឲ្យដឹងថា កម្មវិធីវេទិកាការងារប្រចាំខែបានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។ អ្នកដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឱ្យបានសមរម្យ ដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះ នៅថ្ងៃកម្មវិធីតែម្ដង។

ការរៀបចំកម្មវិធីនេះ ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍ ៣ការពារ និង៣កុំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

គួរបញ្ជាក់ផងដែរថា កម្មវិធី «វេទិកាការងារ» គឺជាផ្នែកមួយក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលខ្លួនចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុននៅថ្ងៃកិច្ចសម្ភាសន៍ ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរសព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕