(រ៉ូម)៖ កីឡាករខ្សែប្រយុទ្ធជើងចាស់ Mario Balotelli ត្រូវបានកោះហៅចូលជម្រើសជាតិអាសូរីអ៉ីតាលីជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៨ មក ដើម្បីត្រៀមលេងវគ្គជម្រុះ World Cup ជុំទី២ ប្រចាំទ្វីបអឺរ៉ុប (UEFA)។

Balotelli ដែលមានវ័យ ៣១ឆ្នាំ បានកំពុងប្រកបអាជីពក្នុងក្លិប Adana Demirspor ដែលលេងក្នុងលីគកំពូលរបស់តួកគី ដែលបានផ្ទេរចេញពីក្លិបនៃស្រុកកំណើតចាប់ពីខែកក្កដា ឆ្នាំ២០២១ មក។

អតីតកីឡាករនៃក្លិប Liverpool និង Manchester City ខាងលើនេះ នឹងចូលរួមជាមួយក្រុមជើងឯកអឺរ៉ុបឡើងវិញ ដើម្បីត្រៀមលេងវគ្គជម្រុះប្រជែងកៅអីទៅ World Cup 2022 ចុងឆ្នាំនេះដែលត្រូវប៉ះ North Macedonia នៅពេលអាសូរីអ៉ីតាលីបានខកខាន World Cup ម្តងរួចមកហើយកាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។

Balotelli បានស្ថិតក្នុងចំណោមកីឡាករទាំង ៣៥នាក់ក្នុងជម្រើសដំបូងរបស់លោក Roberto Mancini ដែលត្រៀមធ្វើការហ្វឹកហាត់ជម្រុះចេញ ៣ថ្ងៃ ក្រោយពេលរូបគេស៊ុតបាន ៨គ្រាប់ ក្នុងចំណោម ១៨ប្រកួតជាមួយក្រុម នៅលីគកំពូលតួកគី។

Mario Balotelli មានកំណត់ត្រាស៊ុត ១៤គ្រាប់ពីការចូលលេងបាន ៣៦ប្រកួតសម្រាប់អ៉ីតាលី ក៏ប៉ុន្តែទើបចូលលេងបាន ៣ប្រកួតប៉ុណ្ណោះតាំងពី World Cup 2014 រួចមក និងធ្លាប់ជាកូនសិស្សរបស់លោក Mancini កាលលេងឲ្យក្លិប Inter Milan និង Manchester City៕