(ភ្នំពេញ)៖ កីឡដ្ឋានចំនួន ៣ទៀត រួមមានកីឡដ្ឋាន RSN, ស្ដាតចាស់ និងអគ្គិសនីកម្ពុជា ត្រូវប្រើប្រាស់ជាកន្លែងហ្វឹកហាត់បន្ថែមលើទីលានប្រកួត គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ សម្រាប់ក្រុមត្រៀមប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅកម្ពុជាចាប់ពីថ្ងៃទី១៤-២៦ ខែមករា ឆ្នាំ២០២២ ខាងមុខ។

តាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី២៤ ខែមករាម្សិលមិញ ក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានចុះត្រួតពិនិត្យទីលានហ្វឹកហាត់ និងទីលានប្រកួត នៃកីឡដ្ឋានព្រីនស៍ និងវាស់កម្រិតពន្លឺ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនការប្រកួតជើងឯកយុវជនប្រចាំតំបន់អាស៊ានខាងលើ ក្នុងនោះអ្នកគាំទ្របានចាប់អារម្មណ៍រូបភាពកីឡដ្ឋាន៣ ដែលត្រូវបានសន្មតថា ជាទីលានហ្វឹកហាត់របស់ក្រុមមកចូលរួម គឺមានកីឡដ្ឋានរបស់ក្លិបភ្នំពេញក្រោន កីឡដ្ឋានស្ដាតចាស់ និងកីឡដ្ឋានរបស់ក្លិបអគ្គិសនីកម្ពុជា។

គួរដឹងថា កម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ AFF U23 Championship 2022 ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់ទីលានប្រកួតចំនួន២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។ ចំពោះលទ្ធផលនៃការចាប់ពូល ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី៕