(សេវីឡា)៖ ក្លិប Sevilla បានព្រមព្រៀងក្នុងលក្ខណ្ឌខ្ចីជើងខ្សែប្រយុទ្ធ Anthony Martial ពីក្លិប Manchester United ពេញមួយរដូវកាលនេះ ដែលតម្លៃកិច្ចសន្យានេះក្លិបលីគអេស្ប៉ាញ ត្រូវបានបង់ ៥លានផោនក្នុងកិច្ចសន្យា, ហើយក៏មានការចំណាយប្រាក់ពលកម្មប្រមាណ ១៥ម៉ឺនផោនស្មើ ២០ម៉ឺនដុល្លារក្នុង ១សប្តាហ៍។នេះបើតាមប្រភពពី The guardian បានឲ្យដឹង។

បុរសវ័យ ២៦ឆ្នាំសញ្ជាតិបារាំង Martial និងធ្វើដំណើរទៅកាន់ក្លិប Sevilla ដើម្បីទទួលការចុះហត្ថលេខា បន្ទាប់ពីទើបតែបានចូលលេងលើកដំបូងក្នុងនាមជាកីឡាករបម្រុងនៃនាទីចុងម៉ោង ដែលក្លិប Man United ឈ្នះក្លិប West Ham ១-០ ចាប់តាំងពីខែធ្នូមក ដ្បិតរូបគេក៏ទទួលបានការចាប់អារម្មណ៍ពីក្លិប Newcastle និង Tottenham ផងដែរ។

ក្លិប Sevilla មិនមានជម្រើសនៃការទិញ Martial ដែលមានកិច្ចសន្យាជាមួយក្លិប Man United ដល់ឆ្នាំ២០២៤ ប៉ុន្តែក្លិបឈរលេខ២ នៃលីគ La Liga បានក្លាយជាម្រើសរបស់ Martial ក្នុងការស្វែងរកការលេងបានពេញលេញ ខណៈដែលរូបគេជាកីឡាករវ័យក្មេងត្រូវផ្ទេរមកកាន់ទីក្រុង Manchester កាលឆ្នាំ២០១៥៕