(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ខ្លួន ដើម្បីត្រួតពិនិត្យលើការងារសំខាន់ៗមួយចំនួន ពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាព នៃដំណើរការសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវបានចាត់ទុកជាចំណុចក្ដៅ និងជាយុទ្ធសាស្ដ្រ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

កិច្ចប្រជុំខាងលើដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC និងថ្នាក់ដឹកនាំគណៈកម្មការជំនាញ និងស្ថាប័នពាក់ព័ន្ធមួយចំនួនចូលរួម។ ចំពោះរបៀបវារៈនៃកិច្ចប្រជុំនេះ រួមមានការពិនិត្យរបាយការណ៍របស់ភូមិកីឡា ការពិនិត្យកម្មវិធី ខ្លឹមសារសន្ដិបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីអភិបាលកម្មល្អ ក៏ដូចជាការជំរុញការងារគណៈកម្មការផ្សព្វផ្សាយជាដើម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា «យើងបានឃើញ ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនសាងសង់ភូមិកីឡា ព្រោះនេះគឺជាចំណុចក្ដៅ និងជាយុទ្ធសាស្ដ្ររបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ បើយើងមានភូមិកីឡាមួយនេះ យើងកាត់បន្ថយការចំណាយបានច្រើន ហើយត្រូវនឹងស្ដង់ដាររបស់ចលនាអូឡាំពិក។ អ៊ីចឹងក្រុមហ៊ុនសាងសង់បានបញ្ជាក់ និងធានាអះអាងឡើងវិញថា ពិតជាធ្វើឲ្យទាន់ពេលវេលា ក្នុងការត្រៀមស្វាគមន៍ភ្ញៀវ និងប្រតិភូកីឡាមកចូលរួមការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ក្រោយបទបង្ហាញរួច ក្រុមហ៊ុនបានមើលឃើញវឌ្ឍនភាពល្អប្រសើរ គឺបានន័យថា មូលដ្ឋានគ្រឹះនៃសំណង់បានន័យថា ការបុកគ្រឹះ ការរៀបចំគ្រឹះ និងការដំឡើងឲ្យបានជាន់ទី១ ជាន់ទី២ និងជាន់ទី៣ ក្រុមហ៊ុនបានធ្វើរួចហើយ។ ហើយក្រុមហ៊ុនបានអះអាងថា ចាប់ពីជាន់ទី៤ ឡើងទៅ ១សប្ដាហ៍មួយជាន់ៗ ហើយក្នុង ១សប្ដាហ៍មួយហ្នឹង គឺធ្វើទាំង ៦អគារខ្ពស់ៗដំណាលគ្នាតែម្ដង។ រីឯផ្ទះវីឡា ដែលត្រូវបម្រើការងាររដ្ឋបាលមួយចំនួន នឹងសាងសង់រួចរាល់មុនអគារហ្នឹងទៀត។ អ៊ីចឹងយើងសង្ឃឹមថា ផែនការរបស់គាត់ នឹងបានគ្រប់គ្រាន់...»

យ៉ាងណាក្ដីដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងជំរុញការសាងសង់ភូមិកីឡា ឆ្ពោះទៅសម្រេចតាមផែនការ សម្រាប់ត្រៀមស្វាគមន៍ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីក្នុងតំបន់ ដែលត្រូវមកចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា គណៈកម្មាធិការជាតិ CAMSOC បានស្នើសុំក្រុមហ៊ុនសាងសង់ផ្ដល់នូវប្រតិទិនការងារ ដើម្បីដាមតានវឌ្ឍនភាពនៃការសាងសង់ប្រចាំថ្ងៃ បន្ទាប់ពីគម្រោងប្រគល់ភូមិកីឡានេះ ត្រូវបានពន្យារដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ ដ្បិតគម្រោងប្រគល់ពីដំបូង ត្រឹមដំណាច់ឆ្នាំ២០២២ ប៉ុណ្ណោះ៕