(កូរ៉េ)៖ បើតាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ បានបង្ហាញជាផ្លូវការនូវបុគ្គលសំខាន់ៗ ជនជាតិកូរ៉េចំនួន១០នាក់ ដែលមានឥទ្ធិពលបំផុត ប្រចាំឆ្នាំ២០២១ ខណៈលទ្ធផល គឺតាមរយៈការបោះឆ្នោតពីមនុស្សចំនួន ១២,៥០០នាក់ មានអាយុចន្លោះពី១៦ ទៅ២៤ឆ្នាំ មកពីបណ្តាប្រទេសនានាលើពិភពលោក ដូចជាអាស៉ី, អាមេរិកកណ្តាល និងបណ្ដាប្រទេសស្ថិតនៅភាគខាងត្បូង មជ្ឈិមបូព៌ា និងអាហ្រ្វិកជាដើម។ លទ្ធផលគឺបង្ហាញថា ក្រុមចម្រៀង BTS បានឈរនៅលំដាប់កំពូលតែម្តង ក្នុងនាមបុគ្គលមានឥទ្ធិពលបំផុត។

ខាងក្រោមនេះជាបុគ្គល១០រូប ដែលបានជាប់ឆ្នោត ក្នុងនាមបុគ្គលដែលមានឥទ្ធិពលសំខាន់ របស់រដ្ឋាភិបាលកូរ៉េប្រចាំឆ្នាំ២០២១៖

ទី១០៖ លោក Ban Ki Moon៖ លោកគឺជាអ្នកនយោបាយ និងអ្នកមន្រ្តីកាទូតមួយរូបរបស់កូរ៉េខាងត្បូង។ លោកធ្លាប់មានតួនាទីជាអង្គលេខាធិការនៃអង្គការសហប្រជាជាតិ ចន្លោះពីខែមករា ឆ្នាំ២០០៧ ដល់ខែធ្នូ ឆ្នាំ២០១៦។ លោកទទួលបានលទ្ធផលបោះឆ្នោតចំនួន ១.៣ភាគរយ។

ទី០៩៖ លោក Song Joon Ki៖ លោកគឺជាតារាសម្តែងល្បីឈ្មោះមួយរូប ដែលបានចាប់ផ្តើមការងារសិល្បៈក្នុងវ័យ២៣ឆ្នាំ ក្នុងឆ្នាំ២០០៨ តាមរយៈការសម្តែងរឿង «A Frozen Flower»។ លោកទទួលបានលទ្ធផលបោះឆ្នោតចំនួន ១.៣ភាគរយ។

ទី០៨៖ Song Hye Kyo៖ តារាស្រីរូបនេះបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៦ ក្នុងវ័យ១៤ឆ្នាំមកម្ល៉េះ បន្ទាប់មកបានឈ្នះពានរង្វាន់ផ្នែកតារាម៉ូដែល និងបានចូលរួមសម្តែងភាពយន្តជាបន្តបន្ទាប់ផងដែរ។ នាងទទួលបានលទ្ធផលបោះឆ្នោតចំនួន ១.៣ភាគរយ។

ទី០៧៖ Bong Joon Ho៖ លោកជាអ្នកដឹកនាំរឿងមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង តាមរយៈការដឹកនាំរឿង «Parasite» និងឈ្នះបានពានរង្វាន់ Academy Award ក្នុងឆ្នាំ២០១៩ តាមរយៈស្នាដៃនេះ ពោលគឺក្លាយជាភាពយន្តកូរ៉េដំបូងបង្អស់ ដែលទទួលបានពានរង្វាន់ Academy Award។ លោកទទួលបានលទ្ធផលបោះឆ្នោតចំនួន ១.៦ភាគរយ។

ទី០៦៖ PSY៖ លោកគឺជាតារាចម្រៀងល្បីឈ្មោះមួយរូប ដែលជាម្ចាស់ស្នាដៃចម្រៀងដ៏ល្បី «Gangnam Style» ខណៈបច្ចុប្បន្ន គឺជានាយកប្រតិបត្តិក្រុមហ៊ុនកំសាន្ត P Nation។ លោកទទួលបានលទ្ធផលបោះឆ្នោតចំនួន ២.២ភាគរយ។

ទី០៥៖ Son Heung Min៖ លោក គឺជាកីឡាករបាល់ទាត់អាជីពរបស់កូរ៉េ ដែលលេងជាខ្សែប្រយុទ្ធសម្រាប់ក្លឹប Tottenham Hotspur នៃ Primier League និងជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ លោកទទួលបានលទ្ធផលបោះឆ្នោតចំនួន ៣.៦ភាគរយ។

ទី០៤៖ Lee Min Ho៖ នរណាក៏ស្គាល់តារាប្រុសរូបនេះដែរ ព្រោះតែកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់គេ តាមរយៈការសម្តែងភាពយន្ត។ លោកត្រូវបានគេដឹងថា ចូលប្រឡូកសិល្បៈដំបូងក្នុងឆ្នាំ២០០៣ តាមរយៈការសម្តែងក្នុងរឿង «Secret Campus» និងភាពយន្តល្បីៗជាបន្តបន្ទាប់។ លោកទទួលបានលទ្ធផលបោះឆ្នោតចំនួន ៤.១ភាគរយ។

ទី០៣៖ ក្រុម BLACKPINK៖ ជាក្រុមចម្រៀងនារីល្បីល្បាញបំផុតក្នុងវិស័យ K-POP ខណៈសមាជិកម្នាក់ៗគឺ សុទ្ធតែមានភាពលេចធ្លោរ ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនទូទាំងពិភពលោក។ ក្រុមនេះ ទទួលបានលទ្ធផលបោះឆ្នោតចំនួន ៦.១ភាគរយ។

ទី០២៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In៖ លោកទទួលបានតំណែងនេះ តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ សកម្មភាពគួរឱ្យកត់សម្គាល់បំផុតមួយចំនួនរបស់លោក រួមមានការជួបជាមួយប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong Un នៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលធ្វើឱ្យលោកក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទីបី ដែលបានជួបសមភាគីកូរ៉េខាងជើង ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ លោកទទួលបានលទ្ធផលបោះឆ្នោតចំនួន ៦.២ភាគរយ។

ទី០១៖ ក្រុម BTS៖ ជាក្រុមចម្រៀងបុរសល្បីល្បាញ និងមានឥទ្ធិពលបំផុតក្នុងវិស័យ K-POP។ ក្រុមនេះ ត្រូវបានគេដឹងថា ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយវប្បធម៌របស់កូរ៉េ តាមរយៈស្នាដៃចម្រៀងនានា ទៅកាន់ពិភពលោក។ ក្រុម BTS ទទួលបានលទ្ធផលបោះឆ្នោតចំនួន ១៥.១ភាគរយ គឺខ្ពស់ជាគេបំផុត និងបានក្លាយជាបុគ្គលមានឥទ្ធិពលបំផុត របស់រដ្ឋាភិបាលកូរ៉េ៕