(ភ្នំពេញ)៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានរៀបចំកម្មវិធី «វេទិកាវិនិយោគ» (Venture Capital Night) នៅសណ្ឋាគារ ហៃយ៉ាតរីជិនស៉ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel) ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍ សហគ្រិនភាព។

កម្មវិធី វេទិកាវិនិយោគ ត្រូវបានរៀបចំក្នុងគោលបំណងជាស្ពានតភ្ជាប់ រវាងក្រុមអ្នកវិនិយោគ និង ធុរកិច្ចថ្មី តាមរយៈការធ្វើបទបង្ហាញ និង ការសួរពីគម្រោងអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីសក្តានុពល របស់ធុរកិច្ចថ្មីដើម្បីឈានចូលដល់ការទទួលវិនិយោគ។ ជាក់ស្តែង ការវិនិយោគមានសារសំខាន់ សម្រាប់ធុរកិច្ចថ្មីជាពិសេសក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីវកម្ម ដែលចាត់ទុកបានថាជា ពេលវេលាដែលធុរកិច្ចថ្មីមានតម្រូវការគាំទ្រ ទាំងផ្នែកហិរញ្ញវុត្ថុ និងជំនាញដើម្បីបំប្លែងគំនិតអាជីវកម្ម ឲ្យក្លាយជាផលិតផល និង សេវាកម្មដែលមានតម្រូវការក្នុងទីផ្សារ។

អ្នកវិនិយោគត្រូវបានគេបែងចែកជា ២ប្រភេទធំៗ រួមមាន៖ អ្នកវិនិយោគមូលធន (Venture Capitalist ឬហៅកាត់ថា VC) និងវិនិយោគិន (Angel Investor)។ អ្នកវិនិយោគមូលធន ជាក្រុមហ៊ុន ដែលមានជំនាញវិជ្ជាជីវៈវិនិយោគធ្វើការជ្រោមជ្រែង ដល់ធុរកិច្ចថ្មីតាមការគាំទ្រផ្នែកហិរញ្ញវត្ថុ ការណែនាំ យុទ្ធសាស្រ្តអាជីវកម្ម ការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង យុទ្ធសាស្ត្រ វិនិយោគរយៈពេលវែង។ រីឯវិនិយោគិន គឺជាបុគ្គល ដែលមានធនធានហិរញ្ញវុត្ថុ មានបំណងវិនិយោគ ក្នុងធុរកិច្ចថ្មីដែលមានលទ្ធភាពជួយផ្សាភ្ជាប់អាជីវកម្មទៅក្នុងបណ្តាញទំនាក់ទំនង។ ដោយមូលហេតុ វិនិយោគគិនមែនមែនជាក្រុមហ៊ុន ធុរកិច្ចថ្មីមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុ ក៏ប៉ុន្តែ វិនិយោគិនមិនមានពេលវេលាច្រើនក្នុងការធ្វើការជាមួយធុរកិច្ចថ្មី។

កម្មវិធីនេះមានធុរកិច្ចថ្មីចំនួន៨ ដែលបានឆ្លងកាត់ការជ្រើសរើសក្នុងការទទួលបានឱកាសធ្វើបទបង្ហាញ អាជីវកម្មដល់បណ្តាវិនិយោគិន ក៏ដូចជាភាគីពាក់ព័ន្ធនានាដែលបានចូលរួម។ គួរបញ្ជាក់ផងដែរថា វេទិកាវិនិយោគ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីក្នុងឆ្នាំ២០២២ របស់សហគ្រិនខ្មែរដែលបាន ផ្តួចផ្តើមរៀបចំក្នុងន័យផ្សារភ្ជាប់អ្នកផ្តល់ហិរញ្ញវត្ថុ និងការវិនិយោគដល់ធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់ឱកាសដល់សហគ្រិន ដែលបានទទួលជ័យលាភីក្នុងកម្មវិធីផ្សេងៗដូចជា៖ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ និង កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនខ្មែរ។

ដោយមើលឃើញថាវិស័យធុរកិច្ចក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយរំពឹងថា និន្នាការនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ សហគ្រិនខ្មែរ នឹងបន្តរៀបចំកម្មវិធីបែបនេះក្នុងការ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួម ប្រកួតប្រជែងបង្កើនសមត្ថភាព និងអភិវឌ្ឍ អាជីវកម្មប្រកបដោយចីរភាព។ ដោយឡែក សហគ្រិនដែលមិនបានដាក់ពាក្យ ចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ ហើយយល់ថាខ្លួនមានសមត្ថភាពពេញលេញ សូមដាក់ពាក្យចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ នាឱកាសក្រោយៗទៀត។

ក្នុងឱកាសនោះ លោក វង្សី វិស្សុត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែលើកឡើងថា វិស័យឯកជន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលតែងតែនៅជួរមុខ ក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ច ការបង្កើតការងារ និងការកសាងភាពប្រកួតប្រជែងរបស់ប្រទេស តាមរយៈភាពច្នៃប្រឌិត និងបង្កើនប្រសិទ្ធភាព។ ដើម្បីកសាងវិស័យឯកជនឱ្យកាន់តែរឹងមាំ ជាចាំបាច់ទាមទារឲ្យមានមេទ័ព ក្នុងវិស័យឯកជន ដែលមានសមត្ថភាពឲ្យកាន់តែច្រើន។ ហេតុដូចនេះ រាជរដ្ឋាភិបាល បានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនសមត្ថភាពសហគ្រិនក្នុងស្រុក ដែលក្នុងនោះបានបង្កើតសហគ្រិនខ្មែរ ធនាគារសហគ្រាធុនតូចនិងមធ្យម មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងស្ថាប័នផ្សេងៗទៀត។

រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលទាំងនេះ មានគោលបំណង ធ្វើឱ្យប្រព័ន្ធអេកូឡូស៉ីសហគ្រិនភាព មានភាពប្រទាក់ក្រឡា រស់រវើក និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដែលអាចបំប្លែងគំនិតអាជីវកម្មជាធុរកិច្ចថ្មី ហើយធុរកិច្ចថ្មី អាចរីកចម្រើនក្លាយជាសហគ្រាសធុនតូច និងមធ្យម រហូតមានលទ្ធភាពពង្រីកទៅជាសហគ្រាសកម្រិតអន្តរជាតិ។ ទាំងនេះគឺជាការងារស្នូល ជាប្រចាំរបស់សហគ្រិនខ្មែររហូតមកដល់ពេលនេះបានបន្ត និងកំពុងផ្តល់ការគាំទ្រដល់សហគ្រិន គ្រប់ដំណាក់កាលនៃដំណើរការអភិវឌ្ឍអាជីវកម្ម ដូចជាការទទួលបានជំនាញ និង ឱកាសបង្ហាញខ្លួនលើទីផ្សាជាតិ និងអន្តរជាតិ។

ភាពស្មុគស្មាញនៃប្រព័ន្ធអេកូឡូស៉ីសហគ្រិនភាព តម្រូវឱ្យមានការចូលរួមយ៉ាងសកម្ម ពីរាជរដ្ឋាភិបាល អ្នកទ្រទ្រង់ប្រព័ន្ធអេកូឡូស៉ី អ្នកវិនិយោគ និងសហគ្រិន។ កន្លងមក ធុរកិច្ចថ្មីបានជួបប្រទះការលំបាកក្នុងការស្វែងរកដើមទន់ និង ការវិនិយោគដើម្បីពង្រីកអាជីវកម្ម។ ស្របគ្នានេះដែរ អ្នកវិនិយោគ ក៏មានភាពលំបាកក្នុងការស្វែងរកធុរកិច្ច ដែលមានសក្តានុពលដើម្បីវិនិយោគ។ ជាដំណោះស្រាយ សហគ្រិនខ្មែរ បានដើរតួជាកាតាលីករក្នុងការសម្របសម្រួល ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធតាមរយៈកម្មវិធីច្រើនដូចជា កម្មវិធីវេទិការវិនិយោគសហគ្រិនខ្មែរឆ្នាំ២០២២។ កម្មវិធីនេះ ផ្ដល់ឱកាសដល់ ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម បង្ហាញពីសមត្ថភាព នឹងផ្សាភ្ជាប់ទៅក្នុងប្រព័ន្ធអេកូឡូស៉ី រហូតទទួលបានការវិនិយោគ។

«ខ្ញុំមានភាពរីករាយដែលបានឃើញ សហគ្រិនវ័យក្មេងជាច្រើនបានចូលរួមក្នុងកម្មវិធីសហគ្រិនខ្មែរធ្វើបទបង្ហាញអាជីវកម្មទៅ អ្នកវិនិយោគ អ្នកតំណាងធនាគារ និងដៃគូអាជីវកម្ម។ សហគ្រិនដែលបានធ្វើបទបង្ហាញថ្ងៃនេះនឹងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃដែលអាចទាក់ទាញការវិនិយោគនាថ្ងៃអនាគត។ ខ្ញុំសង្ឃឹមថា សហគ្រិន និង អ្នកវិនិយោគនឹងបន្តពិភាក្សា ដែលមានសហគ្រិនខ្មែរជាអ្នកសម្របសម្រួលរហូតឈានចូលដល់ការវិនិយោគ»។ នេះជាការបញ្ជាក់ ពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕