(ភ្នំពេញ)៖ ក្លិបកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ ដែលជាក្លិបក្មេងខ្ចី ទើបចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ លើកដំបូង បានបង្កការភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បន្ទាប់ពីដណ្ដើមបានមេដាយ ៧គ្រៀង ស្មើក្លិបក្រសួងការពារជាតិ និងខេត្តសៀមរាប។

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបើកយុទ្ធនាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ២ថ្ងៃមកហើយ ហើយគិតត្រឹមល្ងាចថ្ងៃទី២៥ ខែមករានេះ ក្លិបក្រសួងការពារជាតិ កំពុងឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើមបានមេដាយមាស៥ និងសំរឹទ្ធ២ ខណៈខេត្តសៀមរាប ឈរលេខ២ ដណ្ដើមបានមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ២។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតឆ្នាំនេះ គឺក្លិបវ៉ូវីណាមខេត្តកំពង់ស្ពឺ ដែលបានបញ្ជូនកីឡាករ ៣រូប និងកីឡាការិនី ២រូបចូលរួមលើកដំបូង តែពួកគេធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយរហូតដល់ ៧គ្រឿងស្មើក្លិបកំពូលតារាងទាំង ២ខាងលើ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ២ថ្ងៃកន្លងមក រួមមានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៣។

លោក យ៉ាំ ថៃសាន ប្រធានក្លិបវ៉ូវីណាមខេត្តកំពង់ស្ពឺ បានបង្ហាញនូវមោទនភាព ចំពោះសមិទ្ធផលដែលកីឡាករ-កីឡាការិនីរបស់ខ្លួនសម្រេចបាន ដ្បិតក្លិបទើបកកើតកាលពីចុងឆ្នាំ២០២១ តែកីឡាករ-កីឡាការិនីអាចធ្វើបានយ៉ាងល្អបែបនេះ។ ទន្ទឹមជាមួយគ្នា លោកក៏បានអរគុណថ្នាក់ដឹកនាំសហព័ន្ធ និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដែលបានអនុញ្ញាត និងគាំទ្រការបង្កើតក្លិបមួយនេះ រហូតមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ត្រឹមតែរយៈពេលខ្លី។

សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បានធ្វើឡើង ៣ថ្ងៃចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២ នៅទីលាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨៦នាក់ មកពី ៩ក្លិប និងក្រសួងជាមួយការប្រកួតលើ ១៧វិញ្ញាសា។ មកទល់ពេលនេះការប្រកួតនៅសល់ ៣វិញ្ញាសាប៉ុណ្ណោះ ដែលនឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃស្អែកនេះ៕