(ប៊ុយនូសអ៊ែរ)៖ ខ្សែបម្រើការពារ Guido Rodriguez ត្រូវបានដកឈ្មោះចេញពីការប្រកួតជម្រុះ 2022 World Cup របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលត្រូវប៉ះឈីលី និងក្រុមកូឡុំប៊ី បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩។ នេះបើតាមការឲ្យដឹងពីសមាគមបាល់ទាត់អាហ្សង់ទីន (AFA) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

សមាគមខាងលើមិនបានផ្តល់ព័ត៌មានលម្អិត ស្តីពីស្ថានភាពរបស់កីឡាករ Rodriguez នោះទេ ហើយភ្លាមៗនេះ ក៏មិនបានជ្រើសរើសកីឡាករផ្សេងជំនួស កីឡាករវ័យ ២៧ឆ្នាំដែលលេងឲ្យក្លិប Real Betis នេះដែរ។

«Guido Rodriguez បានរកឃើញវិជ្ជមានកូវីដ១៩ នៅអឺរ៉ុបអំឡុងពេលធ្វើដំណើរ ហើយនឹងអវត្តមានពីការប្រកួតវគ្គជម្រុះចំនួន ២ប្រកួត» នេះបើតាមការឲ្យដឹងពី AFA។

អាហ្សង់ទីន នឹងប្រកួតប៉ះក្រុមម្ចាស់ផ្ទះឈីលី នៅថ្ងៃទី២៧ ខែមករា មុនពេលធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវកូឡុំប៊ី ៥ថ្ងៃបន្ទាប់។

ក្រុមអាហ្សង់ទីន បច្ចុប្បន្នឈរនៅលំដាប់ទី២ ក្នុងប្រកួតជម្រុះប្រចាំអាមេរិកខាងត្បូងក្នុងចំណោម ១០ក្រុម និងរកបានកៅអីរួចហើយ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ៕