(អាមេរិក)៖ បើនិយាយអំពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក នោះគេមិនអាចភ្លេចបានឡើយនូវក្រុមហ៊ុន Microsoft ដែលត្រូវបាន បង្កើត ឡើងដោយកំពូលមហាសេដ្ឋីល្បីឈ្មោះជាងគេ លោក Bill Gates កាលពីឆ្នាំ ១៩៧៥ ដែលមានអាយុកាលជិត ៤៧ឆ្នាំ។ ក្នុងរយ:ពេលជិត ៥ទសវត្សរ៍នេះ ក្រុមហ៊ុន Microsoft បានទទួលជោគជ័យខ្លាំង និងបានផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំតែ៣រូបប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៥ លោក Bill Gates មានអាយុត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះ ដោយបានបោះបង់ការសិក្សានៅសកលវិទ្យាដ៏ល្បីឈ្មោះ Harvard University ទៅបង្កើតក្រុមហ៊ុន Microsoft ឡើង ជាមួយនឹង មិត្តភ័ក្តស្លាប់រស់គឺលោក Paul Allen ។ ដោយនៅពេលនោះ លោក Bill Gates គឺជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft ដំបូងគេបំផុត។

បន្ទាប់ពីដំណើរការបានរលូនបន្តិចហើយនោះ លោក Bill Gates ក៏បានអញ្ជើញមិត្តរួមថ្នាក់ដែលរៀនៅ Harvard ម្នាក់ទៀតឱ្យមកចូលរួម ជា មួយ នោះគឺលោក Steve Ballmer និងបានក្លាយជាអ្នកគ្រប់គ្រងអាជីវកម្មដំបូងគេរបស់ក្រុមហ៊ុន។

នៅខែមករា ឆ្នាំ២០០០ លោក Bill Gates បានសម្រេចចិត្តដើរចេញពីតំណែង CEO និងបានប្រគល់តួនាទីឱ្យទៅលោក Steve Ballmer ជាអ្នកដឹកនាំបន្ត និងជា CEO ទី២ របស់ Microsoft ។ ក្រោមការដឹកនាំរបស់លោក Steve Ballmer ក្រុមហ៊ុនគឺបានដំណើរការទៅមុខដោយរលូន ប៉ុន្តែក៏ជួបប្រទះនូវ បញ្ហា មួយ ចំនួនផងដែរ ជាពិសេសគឺពាក្យបណ្ដឹងពាក់ព័ន្ធនឹងជម្លោះប៉ាតង់។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ លោក Steve Ballmer បានប្រកាសថា លោកនឹងលាលែងពីតំណែង CEO នៅក្នុងរយ:ពេល ១២ខែខាង មុខទៀត ដោយការលាលែងនេះត្រូវបានគេដឹងថា បណ្ដាលមកពីក្រុមហ៊ុន Microsoft ខាតបង់ប្រាក់ច្រើនទៅលើ ប្រព័ន្ធដំណើរការ Windows Phone និងមួយចំណែកទៀតដោយសារតែចំណាយលុយឥតប្រយោជន៍ក្នុងទិញយកក្រុមហ៊ុនតូចៗមួយចំនួន ដែលមិនបាន ផ្ដល់ ផលចំណេញដល់ក្រុមហ៊ុនវិញ។

នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៤ ក្រុមហ៊ុន Microsoft បានប្រកាសតែងតាំងលោក Satya Nadella ជា CEO ថ្មីជំនួសលោក Steve Ballmer ហើយក៏ជា CEO ទី៣របស់ក្រុមហ៊ុន Microsoft។

សរុបសេចក្ដីមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ បានចាប់កំណើត និងដំណើរការបានរយ:ពេលជិត ៥០ឆ្នាំមកហើយ ប៉ុន្តែ ទើប មានការផ្លាស់ប្ដូរមុខតំណែង CEO ត្រឹមតែ៣ដងប៉ុណ្ណោះ៕