(សេអ៊ូល)៖ LG Energy Solution (LGES) ដែលជាក្រុមហ៊ុនរបស់កូរ៉េខាងត្បូង និងជាបុត្រសម្ព័ន្ធរបស់ LG Chem គ្រោងនឹងចំណាយប្រាក់ខ្ទង់ ២.១ពាន់លានដុល្លាអាមេរិក ដោយសហការជាមួយក្រុមហ៊ុនផលិតរថយន្ត General Motors (GM) ដើម្បីសាងសង់រោងចក្រផលិតអាគុយសម្រាប់អគ្គីសនីនៅអាមេរិក។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា ក្រុមហ៊ុន GM បានស្នើសុំសាងសង់រោងចក្រផលិតអាគុយដែលមានទំហំទឹកប្រាក់ ២.៥ ពាន់លានដុល្លារអាមេរិកនៅជិតទីក្រុង Lansing រដ្ឋ Michigan ជាមួយនឹងក្រុមហ៊ុន LGES ។

ក្រុមហ៊ុន LGES បានគ្រប់គ្រងច្រើនជាង ២០ភាគរយនៃទីផ្សាររថយន្តអគ្គីសនីជាសកល ដោយបានផ្គត់ផ្គង់ទៅក្រុមហ៊ុន Tesla Inc, Volkswagen AG និង Hyundai Motor Co ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗដទៃទៀត។

ដោយឡែកក្រុមហ៊ុនេះក៏កំពុងនឹងសាងសង់រោងចក្រចំនួនពីរជាមួយក្រុមហ៊ុន GM ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Ohio និង Tennessee ដើម្បីផលិតអាគុយសម្រាប់អគ្គីសនី ដែលមានកម្លាំង 70 GWh ដែលអាចផ្តល់ថាមពលអគ្គីសនីប្រហែល ១លានគ្រឿងនៅក្នុងឆ្នាំ២០២៤ ខណៈដែល LGES ក៏មានទីតាំងផលិតជាច្រើនកន្លែងទៀតនៅសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ប៉ូឡូញ និង ឥណ្ឌូនេស៊ីផងដែរ។

ការចេញលក់ IPO បានទាក់ទាញការដេញថ្លៃ និងទទួលបានតម្លៃ ១២.៨ពាន់ពាន់លានដុល្លាអាមេរិកពីអ្នកវិនិយោគនិង ៩៦ពាន់លានដុល្លាអាមេរិកទៀតទទួលបានពីអ្នកវិនិយោគលក់រាយ។

គួរជម្រាបផងដែរថា តម្លៃ IPO របស់ LGES ដែលទទួលបានបន្ទាប់ពីការដេញថ្លៃគឺប្រហែល ៧០.២ ពាន់ពាន់លានវ៉ុន (ប្រហែល ៥៨.៥៧ពាន់លានដុល្លាអាមេរិក) ហើយនឹងធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតទីបីរបស់កូរ៉េខាងត្បូងបន្ទាប់ពីក្រុមហ៊ុន Samsung Electronics Co និង SK Hynix Inc ៕